ព័ត៌មានជាតិ

ទំនិញខូចគុណភាព និងម្ហូបអាហារមានផ្ទុកសារធាតុគីមីហាមឃាត់ សរុបចំនួន ៦៩.០៣ គីឡូក្រាម ត្រូវបានមន្ត្រីសាខា ក.ប.ប. រកឃើញ និងដកហូត

ឧត្តរមានជ័យៈ យោងតាមផេករបស់អគ្គ​.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ CCF បានឲ្យដឹងថានៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. ខេត្តឧត្តរមានជ័យ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងទំនិញវេចខ្ចប់នៅផ្សាគោកមន មានទីតាំងនៅភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន ដូចជា៖ សារាយកាត់ មីលឿង ប្រហិតសាច់គោ និងពពុះសណ្ដែក ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសំបកវេចខ្ចប់ផងដែរ។

* ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញខូចគុណភាព និងម្ហូបអាហារមានផ្ទុកសារធាតុគីមីហាមឃាត់ រួមមាន៖
– ពពុះសណ្តែក មានផ្ទុកសារធាតុគីមីហាមឃាត់ បូរ៉ាក់ (Borax) ចំនួន ០៨ គីឡូក្រាម
– ស្រាបៀរចម្រុះ និងទឹកផ្លែឈើចម្រុះ ចំនួន ៨៧ ដប
-មី,ស្ករគ្រាប់ និងម៉្សៅស៊ុបខ្នរចំនួន ៥០ កញ្ចប់
-ទឹកក្រូចចម្រុះ និងទឹកជ្រលក់ ២៩ ដប
-នំចម្រុះ និងចាហួយ ២១ ប្រអប់
-ទឹកដោះគោខាប់ និងមៀនកំប៉ុង ០៤ កំប៉ុង
សរុបផលិតផលម្ហូបអាហារ និងទំនិញដកហូតបានសរុបចំនួន ៦៩.០៣ គីឡូក្រាម។

បន្ទាប់មកមន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតផលិតផលទាំងនោះ មករក្សាទុកដើម្បីដុតកម្ទេចចោលនាពេលក្រោយតាមនីតិវិធី និងបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

 

មតិយោបល់