ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿង បោះពួយឡើងលើស្ពានជ្រោយចង្វាចាស់ ជ្រុលទៅបុករថយន្តមួយគ្រឿង មិនចាំម៉ាកពីក្រោយពេញទំហឹង បណ្ដាលឲ្យដួលបោកក្បាលស្លាប់ យ៉ាងអាណោចអាធ័ម នៅចំណុចលើស្ពានជ្រោយចង្វាចាស់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សពជនរងគ្រោះឈ្មោះ ហៀត រ៉ពីគីន ភេទប្រុស អាយុ២៨ឆ្នាំ មានស្រុកកំណើត ភូមិដូនប៉ែន ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ធំ 1H-7362 ធ្វើដំណើរឡើងស្ពានជ្រោយចង្វាចាស់ ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចលើស្ពានកន្លែងកើតហេតុ បានជ្រុលចង្កូតទៅបុករថយន្ដមួយគ្រឿង មិនចាំម៉ាកពីក្រោយពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលស្លាប់ នៅនឹងកន្លែងកើតហេតុ ។ ចំណែករថយន្តបានបន្តដំណើរទៅមុខទៀតបាត់ស្រមោល ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន ។ ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុរួច ដឹកតាមរថយន្ដទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំទំនាក់ទំនងទៅសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់