ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្ត១គ្រឿង បើកបុករះរថយន្តចំនួន ៤គ្រឿង បណ្ដាលឲ្យរងការខូចខាត កាលពីវេលាម៉ោង ១១ កន្លះយប់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២០ តាមបណ្តោយផ្លូវ១៧៤ ត្រង់ចំណុចក្បែរនឹងផ្សារសូរិយាម៉ល ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
រថយន្តចំនួន ៤គ្រឿង ចតនៅចិញ្ចើមផ្លូវ ក្នុងនោះមានរថយន្តលុចស៊ីស ៥៧០ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BB-2899 រថយន្តកាំម៉ារីបាឡែង ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2AI-9375 រថយន្តហាយឡែនឌ័រ ពាក់ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2U-6926 និងរថយន្តរ៉េនរ៉ូវើល ពាក់ផ្លាកលេខ ភ្នំពេញ 2S-8978 បានចតនៅលើផ្លូវ១៧៤។
ដំណើររឿង៖ ដំបូងទ្បើយគេឃើញ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បើករថយន្ត ១គ្រឿង ម៉ាកហ្វ័តមួយបាំងកន្លះ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BC-9378 ធ្វើដំណើរពីកើតទៅលិច តាមបណ្តោយផ្លូវ១៧៤ ក្នុងល្បឿនយ៉ាងលឿន មិនដឹងថា អ្នកបើកស្រវឹង ឬមានបញ្ហាអ្វីទេ បានរេចង្កូតមកស្តាំដៃ ជ្រុលមកបុកម៉ូតូកង់បីឥណ្ឌា បណ្តាលឲ្យក្រពឹត ខូចខាត ហើយរថយន្តបង្ក មិនទាន់អស់ល្បឿននោះទេ ក៏បន្តទៅបុករថយន្តលុចស៊ីស៥៧០ រងការខូចខាតក្រពឹតអស់មួយចំហៀង ខាងឆ្វេងទាំងមុខទាំងក្រោយ និងផ្ទុះកង់មុខចំហៀងខាងឆ្វេង ហើយបន្តទៅបុករថយន្តកាំម៉ារីបាឡែង ខូចខាតខ្ទេចអស់មួយកំណាត់ខាងមុខចំហៀងខាងស្តាំ ចំណែកឯរថយន្ត២គ្រឿងទៀត ខូចខាតបន្តិចបន្តួចប៉ុណ្ណោះ ខណៈខាងម៉ូតូកង់បី ម្ចាស់រថយន្តសងសំណងរួច ក៏ធ្វើដំណើរចេញទៅបាត់។
ដោយទ្បែកក្បាលរថយន្តបង្កវិញ វិលទៅបុកកញ្ចក់ក្រុមហ៊ុនមួយផ្ទប់នឹងរថយន្តហាយឡែនឌ័រថែមទៀត ។ ភ្លាមៗនោះ ម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកនៅតែរថយន្តបង្ក និងរថយន្តរងគ្រោះ នៅកន្លែងកើតហេតុតែប៉ុណ្ណោះ។
ក្រោយកើតហេតុរថយន្តបង្ក និងរថយន្តរងគ្រោះ ត្រូវបានសមត្ថកិច្ចវាស់វែង រួចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការដោះស្រាយតាមនិតីវិធី៕













មតិយោបល់