ព័ត៌មានជាតិ

បុរសម្នាក់ជាប់ខ្នោះព្រោះពុតជុះនោម ទាញដំបងវាយប្លន់ម៉ូតូ នៅខេត្តព្រៃវែង

ព្រៃវែងៈ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៨និង៤០នាទីព្រឹក ចំណុចភូមិព្រៃសំលាញ ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មានករណីប្រើល្បិចហៅម៉ូតូឌុបជិះ ដល់កន្លែងស្ងាត់ ធ្វើពុតជុះនោម យកដំបងប្លន់ម៉ូតូ។

ជនសង្ស័យឈ្មោះ ប្រុស ដេត ភេទប្រុស អាយុ ២២ឆ្នាំ ភូមិស្តៅកោង ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។
ជនរងគ្រោះឈ្មោះ សរ លឿង ភេទប្រុស អាយុ ៤៨ឆ្នាំ ភូមិក្រាំងក្អុក ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។

ដំណើររឿង៖ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យជួលម៉ូតូជនរងគ្រោះឲ្យឌុប ចេញពីឃុំស្ដៅកោង ស្រុកបាភ្នំ ទៅរង្វង់មូលស្វាយអន្ទរ ចៃដន្យមកតាមផ្លូវ ដល់កន្លែងស្ងាត់គ្មានមនុស្ស ជនសង្ស័យប្រើល្បិចជុះនោម ស្រាប់តែយកដំបងវាយជនរងគ្រោះ ធ្វើឲ្យជនរងគ្រោះគេចខ្លួនលោតចុះពីលើម៉ូតូ ហើយជនសង្ស័យក៏លើកយកម៉ូតូជិះរត់គេចបាត់។

សូមបញ្ជាក់៖ ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាលស្រុក បានដេញតាមពួនស្ទាក់ រហូតដល់ម៉ោង ១០និង៥៥នាទី ទើបចាប់ជនសង្ស័យ បាននៅចំណុចប្រឡាយចិន ភូមិព្រៃឆ្លុង ឃុំពានរោង។ ជនសង្ស័យត្រូវឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ដើម្បីបញ្ជូនទៅការិយាល័យជំនាញ ចាត់ការតាមច្បាប់៕

មតិយោបល់