ភ្នំពេញៈ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០២នាក់ ទៅតុលាការ បន្ទាប់ពួកគេធ្វើសកកម្មភាពលួចម៉ូតូ០១គ្រឿង ម៉ាកToday ពណ៌លឿង គ្មានផ្លាកលេខ។
មុនឈានដល់ការឃាត់ខ្លួនជននេះ សមត្ថកិច្ចជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ បានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតនៅវេលាម៉ោង ២២ និង៣០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ បានធ្វើការឃាត់ខ្លួនសង្ស័យជាមុខសញ្ញាលួចម៉ូតូទាំង ០២នាក់ដោយក្នុងនោះ មានឈ្មោះ៖
១-ឈ្មោះ ចាន់ ថា (រដ្ឋា) ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ លក់សណ្តែកដី ស្រុកកំណើត ខេត្តព្រៃវែង មានទីលំនៅ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
២-ឈ្មោះ សឹង ហន ភេទប្រុស អាយុ៣១ មុខរបរ ជាងឈើ មានស្រុកកំណើត ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង២នាក់ខាងលើ បានឲ្យដឹងថា កាលពីវេលាម៉ោង៤ និង៤៧នាទីល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ នៅខាងក្រោយវត្តនិរោធ ភូមិតាងូវ សង្កាត់និរោធ ពួកខ្លួនឃើញម៉ូតូម៉ាក Today ពណ៌លឿង គ្មានផ្លាកលេខ ចតទុកពីមុខហាង ដោយភ្លេចដកសោចេញ ហើយរវល់រៀបចំហាងលក់នំបញ្ចុក ឃើញឱកាសល្អពួកខ្លួន ក៏បានធ្វើសកម្មភាពលួចម៉ូតូនោះ ជិះរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។
លុះនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ក៏ត្រូវបានសមត្ថកិច្ចជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅឃាត់ខ្លួនបានតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់