ព័ត៌មានជាតិ

រថយន្តបត់មិនប្រយ័ត្ន បានជ្រុលទៅបុកម៉ូតូ បុគ្គលិកអង្គការស៊ីអូម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់

ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៣​ ខែកក្តដា​ ឆ្នាំ២០២០ វេលាម៉ោង២២និង២៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្តមិនស្គាល់ម៉ាក់បើកបុក បុរសម្នាក់រងរបួសធ្ងន់ហើយបើករត់គេចបាត់ស្រមោលតែម្តង។ ហេតុការណ៍នេះកើតឡើងនៅលេីផ្លូវលេខ ២០១ ស្ថិតនៅចំណុចភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ។

តាមរបាយការណ៍របស់លោកវរសេនីយត្រី សុខ មេសា អធិការរងនគរបាលក្រុងពោធិ៍សាត់បាន ឲ្យដឹងថា រថយន្ត០១គ្រឿងមិនស្គាល់ម៉ាកបានធ្វើដំណើរពីជើងទៅត្បូងដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងបណ្តាលឲ្យជ្រុលទៅបុកម៉ូតូ០១គ្រឿងម៉ាកហុងដា C១២៥ ពណ៌ខ្មៅ ផ្លាកលេខពោធិ៍សាត់១H-៩១៤១ បានធ្វើដំណើរពីត្បូងទៅជើងហើយបត់ស្តាំ បើកបរដោយឈ្មោះ ហូ ទីន ភេទប្រុស អាយុ២០ឆ្នាំ ជាបុគ្គលិកអង្គការស៊ីអូរ រស់នៅភូមិផ្ទះរុង ឃុំផ្ទះរុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ បណ្តាលឲ្យរងរបួសធ្ងន់។

ជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តពោធិ៍សាត់ ។ ចំពោះរថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល ។ ចំណែកម៉ូតូរបស់ជនរងគ្រោះសមត្ថកិច្ចបានយកមករក្សាទុក ជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ៕

មតិយោបល់