ភ្នំពេញៈ បុរសអ្នករត់កង់បីម្នាក់ បានផ្ទះបាត់រយៈពេល២ថ្ងៃ បន្ទាប់ពីត្រូវម្តាយ និងគ្រួសារស្តីបន្ទោសរឿងមិនជួយការងាររកស៊ី ចេះតែបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ លុះពេលប្រទះឃើញ បានស្លាប់ទៅហើយ ដោយសពអណ្តែតទឹកទន្លេ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ២និង៣០រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២០ ត្រង់ចំណុចមាត់ទន្លេ មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សពឈ្មោះ រិន ណារីន ហៅវណ្ណៈ ភេទប្រុស អាយុ៣៨ឆ្នំា ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅផ្ទះលេខ២១ ផ្លូវលេខ២០៦ ភូមិ១៤ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៤ និង៣០នាទី កម្លាំងជំនាញខណ្ឌ និងកម្លាំងប៉ុស្តិ៍នគរបលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានទទួលព័ត៌មាន ពីប្រជាពលរដ្ឋអ្នកនេសាទត្រី រាយការណ៍ថា មានសពអណ្តែតទឹកនៅមាត់ទន្លេ ពេលនោះកម្លាំង បានចុះទៅដល់កន្លែងកើតហេតុ និងស្រាវជ្រាវរកសាច់ញ្ញាតិ បានជួបជាមួយឈ្មោះ រិន វិច្ឆិកា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ បានអះអាងថា សពត្រូវជាបងប្រុសបង្កើតរបស់ខ្លួន ហើយក៏បានប្រាប់ ឲ្យសមត្ថកិច្ចដឹងថា៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០២ ជនរងគ្រោះឈ្មោះ រិន ណារីន ហៅវណ្ណៈ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបររត់កង់បី បានចេញពីផ្ទះពីរបីថ្ងៃហើយ បន្ទាប់ពីត្រូវម្តាយ និងគ្រួសារស្តីបន្ទោសរឿងមិនជួយការងាររកស៊ី ចេះតែបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ។
លុះនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៧ និង២០នាទីស្រាប់តែទទួលបានព័ត៌មានពីសមត្ថកិច្ចថា មានមនុស្សស្លាប់អណ្តែតទឹក នៅចំណុចមាត់ទន្លេ មុខCDC ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពេលមកដល់ឃើញសពនោះ ពិតជាបងប្រុសបង្កើតរបស់ខ្លួនប្រាកដមែន។
ក្រោយចុះដល់កន្លែងកើតហេតុ ឆ្លងតាមការពិនិត្យ របស់លោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ និងការិយាល័យជំនាញបច្ចេកទេសវិទ្យាសាស្ត្រ កោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សពស្លាប់ ដោយសារលង់ទឹក។
ក្រោយពិនិត្យរួចសព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តពោធិ៍ចិនតុង ស្ថិតនៅសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕
មតិយោបល់