ព័ត៌មានជាតិ

រន្ធត់ណាស់! ស្រ្តីម្នាក់ជិះម៉ូតូមួយគ្រឿងឌុបកូនតូច ត្រូវរថយន្តធុនធំបុកនិងកិនស្លាប់ទាំងពីរនាក់ នៅក្រោមកង់រថយន្ត

កំពតៈ ថ្ងៃអាទិត្យ០៦កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៦និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ១៤៨-១៤៩ ត្រង់ចំណុចរង្វង់មូលទឹករលក ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត រវាងរថយន្តសណ្តោងពោងស៊ីម៉ង់ត៍និងម៉ូតូ ដែលមានទិសដៅស្របគ្នា។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តបង្កម៉ាក SHZCMAN ប្រភេទក្បាលសណ្តោង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ៣F-0923 និងសណ្តោងពោងស៊ីម៉ង់ត៍ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ៤A-7809 បើកបរដោយឈ្មោះ ថៃ ប៊ុននី ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ បានបុកនិងកិនម៉ូតូមួយគ្រឿងដែលនៅខាងមុខ ចំកង់មុខផ្នែកខាងស្តាំនៃរថយន្ត ។ ចំណែកម៉ូតូរងគ្រោះម៉ាក HONDA SCOOPY I ពណ៌ស ពាក់ផ្លាកលេខ កំពត 1O-8833 បើកបរដោយឈ្មោះ សេង កក្កដា ភេទស្រី អាយុ៣៣ឆ្នាំ និងមានអ្នករួមដំណើរម្នាក់ត្រូវជាកូន ភេទស្រី អាយុប្រហែល០៥ឆ្នាំ ទាំងពីរនាក់ មានទីលំនៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តដែលមកពីក្រោយកិន បណ្តាលឱ្យស្លាប់ទាំងពីរនាក់នៅនឹងកន្លែងកើតហេតុ ។ អ្នកបើកបររថយន្តបានឃាត់ខ្លួនមកកាន់ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរៀបចំឯកសារចាត់តាមនីតិវិធី ។

វត្ថុតាងរួមមានរថយន្តសណ្តោងពោងស៊ីម៉ង់ត៍ចំនួន០១គ្រឿង និងម៉ូតូចំនួន០១គ្រឿង បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ។ សាកសពជនរងគ្រោះទាំងពីរនាក់ ត្រូវបានប្រគល់ជូនទៅក្រុមសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី ៕​

មតិយោបល់