ព័ត៌មានជាតិ

ស្រ្តីម្នាក់ឆ្លៀតឱកាស បន្លំលួចលុយ ប្រមូលយកគ្រឿងកំប៉ុងភេសជ្ជៈ ហើយគេចខ្លួនបាត់

ភ្នំពេញៈ នៅកន្លែងលក់ដូរ គ្រឿងកំប៉ុង ភេសជ្ជៈ មួយកន្លែង ខណៈដែលម្ចាស់ គឺឳពុកម្តាយមិននៅ ទុកឲ្យកូនស្រីម្នាក់ នៅចាំមើលផ្ទះ ស្រាប់តែមានស្រី្តម្នាក់ឆ្លៀតឱកាសទៅបន្លំ ប្រមូលលួចយកគ្រឿងកំប៉ុង លួចលុយអស់ជាង១០ម៉ឺនរៀល រួចឌុបទាំងក្មេងស្រីទៅទម្លាក់ចោលតាមផ្លូវ។

ហេតុការណ៍បង្កឲ្យការភ្ញាក់ផ្អើលនេះ បានកើតទ្បើងកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅកន្លែងលក់ដូរ តាមផ្លូវសហព័ន្ធរុស្សី ក្បែរសាលាសង្កាត់កាកាប១ ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែង បានឲ្យដឹងថា មុនកើតហេតុ កន្លែងខាងលើ ត្រូវបានម្ចាស់ ជាម្តាយ ជាប់រវល់ទៅរកកទិញអីវ៉ាន់នៅឯផ្សារ ដោយទុកឲ្យកូនស្រី ម្នាក់អាយុប្រហែល១៥ឆ្នាំ នៅចាំ មើលលក់ដូរ ស្រាប់តែនៅវេលាម៉ោងខាងលើ មានស្ត្រីជនសង្ស័យម្នាក់ ជិះម៉ូតូ ធូដេ ពណ៌ក្រហម មិនចាំផ្លាកលេខ ចូលទៅប្រើល្បិច រកទិញភេសជ្ជៈ ដោយប្រមូល គ្រឿងកំប៉ុងទាំងអស់ បន្លំទាំងលួចលុយជាង១០ម៉ឺនរៀលទៀត រួចបញ្ឆោតនាំក្មេងស្រី ជាកូនម្ចាស់ផ្ទះជិះម៉ូតូ ប្រាប់ថា ទៅយកលុយ នៅផ្ទះគេ ផ្ទុយទៅវិញ ឌុបទៅដល់ក្បែរអាងទឹក ក្នុងភូមិក្បាលដំរី១ សង្កាត់កាកាប១ មុខព្រលានយន្តហោះ បង្ខំឲ្យក្មេងស្រីចុះ ហើយជនសង្ស័យជិះគេចខ្លួនបាត់។

ប្រភពដដែលបន្តទៀតថា ក្រោយពីជនសង្ស័យ ឌុបកូនស្រីម្ចាស់ផ្ទះ ទៅបាត់ លុះម្តាយ ក្មេងស្រីមកដល់កន្លែងលក់វិញ បាត់កូនមិនឃើញ ទើបឆោឡោ ប្តឹងប៉ូលិស ជួយប្រកាសស្វែងរក ទើបពលរដ្ឋ កម្លាំងប្រជាការពារ ប្រទះឃើញក្មេងស្រី កំពុងឈរយំនៅក្បែរអាងទឹក ក្នុងភូមិក្បាលដំរី នាំយកទៅផ្ទះវិញ។

ជុំវិញករណីឆបោកតាមផ្ទះ អ្នកលក់ដូរខាងលើ សមត្ថកិច្ច អាជ្ញាធរ អំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ អ្នកលក់ដូរ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងភ្លាត់ស្នៀត ខាតបង់របស់ទ្រព្យ ដូចករណីខាងលើ ៕

មតិយោបល់