ព័ត៌មានជាតិ

ជិះម៉ូតូបុកឆ្កែ បណ្តាលឲ្យរេចង្កូត ត្រូវរថយន្តបុកស្លាប់៣នាក់ នៅលើដងផ្លូវ

កំពង់ធំៈ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៥និង១៧នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរស៣នាក់ ជិះម៉ូតូ១គ្រឿងឌុបគ្នា បានបុកសត្វឆ្កែ បណ្តាលឲ្យរេចង្កូត ត្រូវរថយន្តបុកស្លាប់ទាំង៣នាក់ ស្ថិតនៅភូមិត្រពាំងជ្រូក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្តមួយគ្រឿង ម៉ាក ហាយឡិនឌ័រពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AM -7305 បើកបរដោយជនមិនស្គាល់សញ្ញាណបានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ បានបុកម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1AD – ៣៧៨៦ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណមានគ្នា៣នាក់ បណ្តាលឲ្យស្លាប់ទាំងអស់នៅកន្លែង ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីខាងលើនេះ មូលហេតុបណ្តាលមកពីអ្នកបើកម៉ូតូបុកឆ្កែ បានរេចង្កូតមកខាងឆ្វេង ទៅបុករថយន្តកំពុងបើកបរខាងស្តាំដៃ ដែលមានទិសដៅបញ្រ្ចាសគ្នា ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅវាស់វែងនិងធ្វើកំណត់ហេតុ យកវត្ថុតាងរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរ ។ សាកសពជនរងគ្រោះ សមត្ថកិច្ចកំពុងស្រាវជ្រាវរកសាច់ញាតិ មកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់