បន្ទាយមានជ័យៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថាបុរសម្នាក់បានបាត់បង់ជីវិតដោយសាររន្ទះបាញ់ នៅវាលស្រែខណៈពេលទៅមើលស្រូវ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃពុធ៩ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២០ នៅត្រង់ចំណុចលើភ្លឺស្រែខាងកើតសំណង់ស្ទាក់ទឹកស្ពានទី២ ចំងាយប្រហែល៤០០ម៉ែត្រ ស្ថិតក្នុងភូមិពោធិ៍រាំបុណ្យ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ជិន ឡាសី ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិប៉ោយចារ ឃុំប៉ោយចារស្រុកភ្នំស្រក ខេត្តបន្ទាយមានជ័យ ។ តាមការបំភ្លឺពីក្រុមគ្រួសារ នៅថ្ងៃកើតហេតុជនរងគ្រោះបានទៅមើលស្រូវនៅវាលស្រែ ខាងកើតសំណង់ស្ទាក់ទឹកស្ពានទី២ ចំងាយប្រហែល៤០០ម៉ែត្រ ស្ថិតក្នុងភូមិពោធិ៍រាំបុណ្យ ឃុំពន្លៃ នៅល្ងាចនោះមេឃធ្លាក់ភ្លៀង លាយឡំជាមួយផ្គររន្ទះ តែដោយល្ងាចហើយមិនឃើញជនរងគ្រោះត្រឡប់ទៅផ្ទះវិញ តេទូរស័ព្ទក៏មិនចូល ក៏បានឲ្យបងប្អូនមកតាមមើលនៅវាលស្រែ ក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់នៅលើភ្លឺស្រែយ៉ាងអាណោចអាធ័ម ហើយក៏មានការភ្ញាក់ផ្អើលតែម្តង។
នគរបាលបានបញ្ជាក់ថា ឆ្លងតាមការត្រួតពិនិត្យលើខ្លួនសព ជនរងគ្រោះគឺពិតជាស្លាប់ដោយសាររន្ទះបាញ់ពិតប្រាកដមែន ពុំមានស្លាកស្នាមអ្វីទាក់ទងនិងករណីឃាតកម្មនោះឡើយ។ ក្រោយពី ពិនិត្យរួចសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់