ព័ត៌មានជាតិ

បក្ខពួកចោរប្លន់ទូដែក ដោយរឹតកសម្លាប់ស្ត្រីម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ នៅរយៈពេលជិត១០ថ្ងៃ

ភ្នំពេញ: កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការណ៍ជាមួយ កម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែន បានធ្វើការចាប់ខ្លួនចោរប្លន់ទូដែកបានម្នាក់ហើយ ខណ:ម្នាក់ទៀត បាននិងកំពុងរត់គេចខ្លួននៅឡើយ។

ការចាប់ខ្លួនខាងលើនេះ ត្រូវបានធ្វើទ្បើងបន្ទាប់ពីពួកចោរ ធ្វើសកម្មភាពរឹតកសម្លាប់ស្រ្តីទើបសម្រាល កូន២ខែម្នាក់ ក្នុងគោលបំណងដើម្បីប្លន់យកទូដែក ដែលមានលុយជិត២ ម៉ឺនដុល្លារ កាលពី ១០ថ្ងៃមុន។

ស្រ្តីរងគ្រោះឈ្មោះ ទូច ម៉ារី អាយុ៣៣ឆ្នាំ មុខរបរលក់បន្លែ នៅផ្សារនាគមាស មានកូនចំនួន៤នាក់ ដោយកូនលើកទី១ របស់គាត់ ជាកូនភ្លោះថែមទៀតផង មានស្រុកកំណើតនៅក្នុងភូមិព្រែកតាប៉េះ ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្ដាល។ មានប្តីឈ្មោះ ឃឹម សុខឃួន អាយុ៣៧ឆ្នាំ មុខរបរ លក់បន្លែ។ នាងត្រូវឃាតកររឹតក និងខ្សែនីឡុងប្លន់យកទូដែក មួយដែលនៅក្នុងនោះមាន លុយចំនួ៧,២០០ដុល្លារ និង១០លានរៀល ,ខ្សែកមាសចំនួន២ខ្សែទម្ងន់៤ តម្លឹង ,ខ្សែដៃមាស ១តម្លឹង ,ខ្សែកកូនក្មេង២ខ្សែទម្ងន់១ជី ,ជញ្ចៀនពេជ្យ១វង់ ,ក្រវឹលពេជ្យ១គូ,។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យចាប់បាន ឈ្មោះ រស់ រីម ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន នៅក្នុងភូមិជីនីក ឃុំកំពង់សៀម ស្រុកព្រៃកប្បាស ខេត្តតាកែវ។ រីឯបក្ខពួកម្នាក់ទៀត មិនទាន់ស្គាល់អត្ត សញ្ញាណនៅឡើយទេ។
ប្រភពដដែរបានបន្តទៀតថា ក្រោយឃាត់ខ្លួនបាន សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម C125 គ្មានស្លាកលេខ, លុយចំនួន ១៩១០ដុល្លារ និងលុយខ្មែរ ១០ម៉ឺនរៀល, ទូរស័ព្ទដៃម៉ាក Sumsung និងម៉ាកNokia ចុចពិលពីរគ្រឿង។

តាមការអះអាងពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យរូបនេះ ត្រូវជាប្អូនថ្លៃរបស់ស្រ្តីរងគ្រោះ ដោយត្រូវបានកម្លាំង កងរាជអាវុធហត្ថឃាត់ខ្លួនបាន កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ នៅវេលាម៉ោងប្រមាណ១២និង៣០នាទី អំទ្បុងពេលដែលរូបគាត់ រត់គេចខ្លួនទៅដល់ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចបាននិយាយថា កាលពីវេលាម៉ោង៥ និង៤០នាទីល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ជនសង្ស័យមានគ្នា២នាក់ បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ មួយគ្រឿងទៅឈប់នៅ នៅចំណុចផ្ទះលេខ I-១៣ ផ្លូវលេខ២០K ក្រុមទី៨ ក្នុងភូមិចម្ការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បន្ទាប់មកបាននាំគ្នាដើរចូលទៅក្នុងផ្ទះ រួចបានយកខ្សែនីឡុងប្រវែងប្រហែល១ម៉ែត្រទៅរឹត កជជនរងគ្រោះ ខណ:ដែលនាងកំពុងឈរនៅក្បែរបន្ទប់ទឹកក្នុងផ្ទះរហូតដល់នាងស្លាប់ ជនសង្ស័យខាងលើ បានឡើងទៅលើជាន់ឡៅតឿ រួចបានសែងទូដែកដាក់លើម៉ូតូ និងជិះយកទៅ កាន់ក្នុងព្រៃឫស្សី ស្ថិតនៅក្នុងភូមិភ្លើងឆេះរទេះខាងលើលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ គាស់យកលុយអស់ រួចទើបគេចខ្លួន៕

មតិយោបល់