ព័ត៌មានជាតិ

រន្ធត់ណាស់! ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់និងស្លាប់ នៅក្រោមកង់រថយន្តធុនធំ

កណ្តាលៈ នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៦និង៣០នាទី ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត០២គ្រឿងនិងម៉ូតូ០២គ្រឿងបុកគ្នា បណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់នៅក្រោមកង់រថយន្តនិងរងរបួសធ្ងន់ លើកំណាត់ផ្លូវជាតិលេខ០៤ គីឡូម៉ែត្រ២៥.២៦ ស្ថិតនៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

សភាពនៃរឿងហេតុ នៅវេលាម៉ោងកើតហេតុ មានរថយន្ត០១គ្រឿង ម៉ាក នីសសាន់ ពណ៌ស គ្មានផ្លាកលេខ (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ មុនសមត្ថកិច្ចទៅដល់) ដែលបើកឆ្លងផ្លូវពីជើងទៅត្បូង លុះឆ្លងដល់ចំណែកផ្លូវខាងត្បូងក៏មានរថយ្ន្តនិងម៉ូតូ ឈប់ឲ្យឆ្លងជាធម្មតា ស្រាប់តែមានរថយន្ត០១គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ (ប្រភេទដឹកកម្មករ ) ពណ៌ស គ្មានផ្លាកលេខ អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ (បានរត់គេចខ្លួនបាត់ មុនពេលសមត្ថកិច្ចទៅដល់) បើកមកពីទិសខាងលិច ទៅកើត (ព្រះសីហនុ-ភ្នំពេញ ) បុកពីក្រោយម៉ូតូ០២គ្រឿង ដែលឈប់ឲ្យរថយន្តឆ្លង៖ ១-ម៉ូតូ០១គ្រឿងម៉ាកឌ្រីម C១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ១BI ៩៨៣៧ បើកបរដោយឈ្មោះ សាត រដ្ឋ (ស្លាប់នៅនឹងកន្លែងកើតហេតុ) ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរតៃកុងឡានស្ទួច ទីលំនៅភូមិត្រពាំងជួន ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ២-ម៉ូតូ០១គ្រឿងម៉ាកឌ្រីម ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ផល សុខភឿន (របួសធ្ងន់) ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល បានឌុបឈ្មោះ ហេង សីហា (របួសធ្ងន់) ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិឃុំជាមួយគ្នា បណ្ដាយឲ្យអ្នកបើកបរម៉ូតូឈ្មោះ សាត រដ្ឋ ត្រូវរថយន្តដឹកកម្មកររុញមកបោកផ្ទប់នឹងចំហៀងខាងស្ដាំ កង់ក្រោយរថយន្តដែលឆ្លងផ្លូវ ហើយរថយន្តដែលឆ្លងផ្លូវបានកិនអ្នកបើកបរម៉ូតូថែមទៀត ស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង ។

សេចក្តីសន្ឋិដ្ឋាន ករណីនេះបណ្តាលមកពីអ្នកបើកបររថយន្តម៉ាក ហ៊ីយ៉ាន់ដាយ (ប្រភេទដឹកកម្មករ)បើកបរខ្វះការប្រុងប្រយ័ត្ន ។ សាកសពកម្លាំងជំនាញ បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំពោះមធ្យោបាយកម្លាំងជំនាញ បានយកមករក្សាទុក នៅអធិការដ្ឋាននគបាលស្រុក ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់