ភ្នំពេញៈ កាលពីវេលាម៉ោង ៩និង២០នាទីយប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចខាងក្រោយវត្តសារាវ័ន្តតេជោ តាមបណ្ដោយផ្លូវ១៧៤ កែងនិងផ្លូវ១៩ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីបុរសជនជាតិ អ៊ីតាលីម្នាក់ កំពុងដើរសុខៗ ស្រាប់តែដួលសន្លប់ដាច់ខ្យល់ស្លាប់ភ្លាមៗ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះខាងលើ បានធ្វើដំណើរដោយថ្មើរជើងតែម្នាក់ឯង តាមបណ្ដោយផ្លូវ១៧៤ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែដួលសន្លប់ស្តូកស្តឹងទៅលើចិញ្ចើមផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងជនបរទេសដែលបានកំសាន្តនៅក្បែរកន្លែងកើតហេតុ នាំគ្នាចោមរោមមើល និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានរួមទាំងរថយន្តសង្គ្រោះបន្ទាន់ ឲ្យចុះមកធ្វើការអន្តរាគមន៍។
បន្ទាប់មកក៏មានរថយន្តសាម៉ុយរបស់មន្ទីរពេទ្យកាលម៉ែត បានចុះពីដល់ទីតាំងកើតហេតុខាងលើតែជាអរកុសល បុរសរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតទៅហើយ រួចសមត្ថកិច្ចមូលដ្ឋាន ក៏បានរាយការណ៍ជូនសមត្ថកិច្ចជំនាញកោសល្យវិច័យ ឲ្យចុះមកធ្វើការត្រួតពិនិត្យភ្លាមៗតែម្ដង។
សមត្ថកិច្ចបានឲ្យដឹងថា បុរសរងគ្រោះខាងលើ មិនបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថាជាជនជាតិអ៊ីតាលីមានអាយុ ៤០ឆ្នាំ ចំពោះមូលហេតុជំហានដំបូងសន្និដ្ឋានថា បណ្ដាលមកពីជំងឺគាំងបេះដូង។
ក្រោយពេលកើតហេតុដោយមិនអាចទាក់ទងស្វែងរកសាច់ញាតិសពបុរសរងគ្រោះខាងលើ បានសមត្ថកិច្ចក៏បានយកសពបុរសរងគ្រោះ ទៅតម្កល់នៅវត្តទឹកថ្លាដើម្បីរង់ចាំធ្វើស្វែងរកសាច់ញាតិ ឲ្យមកទទួលយកសពបុរសរងគ្រោះ យកទៅធ្វើបុណ្យទៅតាមប្រពៃណីជាបន្តទៀតនៅពេលក្រោយ៕
មតិយោបល់