សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយនគរបាលអន្តរាគមន៍នៃស្នងការដ្ឋានខេត្តសៀមរាប បង្រ្កាបក្មេងទំនើង នៅតាមមាត់ស្ទឹងសៀមរាប បានចំនួន១៥នាក់យកមកអប់រំ ។ ការបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង០០និង២០នាទី រំលងអធ្រាត្រចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ចំណុចភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ស្នងការរង ភឹងចិន្តារ៉េត ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ទើប រូបលោកបានសហការល្បាត ជាមួយកម្លាំងការិយាល័យនគរបាលការពារនិងអន្តរាគមន៍ បានល្បាតក្នុងភូមិសាស្រ្ត ក្នុងសង្កាត់ធំៗទាំងបួន ក្នុងក្រុងសៀមរាប និង បានចុះប្រមូលជនទំនើងដើរដេកនិងគ្មានសណ្តាប់ធ្នាប់ដែលប្រមូលផ្ដុំគ្នា នៅតាមសួនច្បារបឹងហ្កាឡូ នៅតាមមាត់ស្ទឹង បានចំនួន០២ក្រុម ស្មើនិង១៥នាក់។
លោកបន្តថា ក្រោយពីការចុះបង្ក្រាបរួចហើយ លោកបានយកក្មេងទំនើងទាំង១៥នាក់ខាងលើកសួរនាំ ឃើញថាពុំមានជាប់ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌទេ និងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនឃើញថាអវិជ្ជមានទាំងអស់។
លោកបន្តថា បានធ្វើកិច្ចសន្យាអប់រំលើកទី១ និងប្រគល់ជូនទៅអាណាព្យាបាលឲ្យយកទៅលំនៅដ្ឋានអប់រំបន្តវិញ ៕
មតិយោបល់