តាកែវៈ នៅថ្ងៃច័ន្ទ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៨និង១០នាទី ស្ថិតនៅលើផ្លូវជាតិលេខ២២ ចន្លោះគីឡូម៉ែត្រលេខ ៣-៤ ក្នុង ភូមិស្លារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ និងរថយន្ត ក្នុងទិសដៅស្របទិសគ្នា ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តមួយគ្រឿងម៉ាក ហ៊ិនដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D-1735 (អ្នកបើកបររត់គេចខ្លួនបាត់) ដែលបើកបរមកពីទិសខាងលិច លុះបើកបរមកដល់ចំណុចកើតហេតុ មានម៉ូតូមួយគ្រឿង បានបើកវ៉ាជែងរថយន្តខាងលើ រួចក៏ដួលខ្លួនឯង ខ្ទាតអ្នករួមដំណើរ បុកក្បាលជាមួយកង់រថយន្តផ្នែកខាងមុខ បណ្តាលឲ្យរងរបួសធ្ងន់ ម៉ូតូម៉ាកហុងដា C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ តាកែវ1T-1755. បើកបរដោយឈ្មោះ គីម ស្រីម៉ៅ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរកសិករ នៅភូមិអង្គត្នោតខាងលិច ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសស្រាល) អ្នករួមដំណើរជាមួយឈ្មោះ ឡេង ឡែន ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស នៅភូមិ-ឃុំជាមួយគ្នា ដែលបើកបរមកពីទិសខាងលិច ។ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញក៏បាន សាងសំណុំរឿង ទៅតាមនីតិវិធី ។ រីឯវត្ថុតាង បានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់៕
មតិយោបល់