កណ្តាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យចំនួន៧នាក់(ស្រីម្នាក់) ក្នុងចំណោមបក្ខពួក៨នាក់ ត្រូវបានកម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងបង្ក្រាបឃាត់ខ្លួន ពាក់ព័ន្ធករណីបង្កអំពើហិង្សាដោយចេតនាទៅលើជនរងគ្រោះចំនួន៣នាក់របួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ បន្ទាប់ពីមានជម្លោះក្នុងហាងផឹកស៊ី ។ហេតុការណ៍នេះកើតឡើងនៅចំណុចមុខហាងខារ៉ាអូខេ KVT 4444 ភូមិត្បូងក្តី ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល វេលាម៉ោង០១និង១០នាទី ព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ ។
ជនរងគ្រោះ០៣នាក់ ៖ ១. ឈ្មោះ អ៊ែល កាណាន់ ភេទប្រុស អាយុ អាយុ២២ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ នៅភូមិខាងត្បូង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល(របួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ) ។ ២. ឈ្មោះ ឆាង វិឆៃ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិខាងជើង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរកម្មកររោងចក្រ (របួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុម: ) ។ ៣.ឈ្មោះ ហេង ណារិ ហៅ លិក ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ខាងជើង ឃុំ អន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរបើករបររថយន្ដ (របួស ធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសមៈ )។
ក្នុងការឃាត់ខ្លួនកម្លាំងបានដកហូត ម៉ូតូ០៣គ្រឿង៖ ១. ម៉ូតូម៉ាកហុងដា click ពណ៌ ស ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខកណ្ដាល 1AC-3245 ។ ២. ម៉ូតូម៉ាក ZOOMER X ពណ៌ ត្រួយចេក ពាក់ផ្លាកលេខកំពង់ឆ្នាំង 1D-5321 ៣.ម៉ូតូ ម៉ាក MSX ស៊េរីឆ្នាំ២០១៦ ពណ៌ ក្រហម គ្មានពាក់ផ្លាកលេខ ទូរសព្ទ័ដៃ០៥គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងអធិការនគរបាលស្រុកកណ្តាលស្ទឹង កសាងសំណុំរឿងអនុវត្តបន្តតាមនីតិវិធី ៕
ព័ត៌មានជាតិ
មតិយោបល់