ព័ត៌មានជាតិ

បុរសម្នាក់ បើករថយន្តយ៉ាងលឿន មិនប្រយ័ត្នបុកបង្គោលថ្ម ជាប់គល់ស្ពានអូថាន បណ្ដាលឲ្យធ្លាក់ចូលប្រទ្បាយទាំងព្រឹក

តាកែវៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្ដបើកលឿន បានរ៉េចង្កូតបុកបង្គោលថ្ម ជាប់គល់ស្ពាន (អូថាន) បណ្ដាលឲ្យក្រឡាប់ ធ្លាក់ចូលប្រឡាយ សំណាងល្អពុំមានមនុស្សរបួសទ្បើយ។

ហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង ០៧ និង ១២ នាទីព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចគល់ស្ពានអូថាន ស្ថិតក្នុងភូមិទួលចារ ឃុំសំរោង ស្រុកសំរោង ខេត្ដតាកែវ។

ដំណើររឿង៖ ដំបូងទ្បើយគេឃើញ រថយន្ដមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ តាកែវ 3A-3498 មានដឹកដែកលួស ធ្វើដំណើរពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន។ មកដល់ចំណុចកើតហេតុ បានរ៉េចង្កូតទៅបុកបង្គោលថ្មជាប់គល់ស្ពាន បណ្ដាលឲ្យរថយន្ដក្រឡាប់ធ្លាក់ចូលប្រឡាយ រងការខូចខាត។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងខាងលើ ដោយពិនិត្យឃើញមិនមានអ្នករងរបួស និងខូចខាតសម្បត្តិសាធារណៈ ទើបឲ្យតៃកុងទ្បាន ហៅរថយន្ដផ្សេងមករើអីវ៉ាន់ ហើយស្ទូចរថយន្ដយកទៅជួយជុល៕

មតិយោបល់