ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាក បើកកៀរម៉ូតូមន្ត្រីចរាចរណ៍ក្រុងម្នាក់ ដួលរងរបួស រួចបើករត់បាត់!

ភ្នំពេញៈ មន្ត្រីនគរបាលចរាចរណ៍ម្នាក់ បានរងរបួសថ្ពាល់និងដៃ ត្រូវបាននគរបាលដែលរួមគោលដៅជាមួយគ្នា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយពីត្រូវរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកកៀរម៉ូតូរបស់គាត់បណ្តាលឲ្យដួលបោកទៅលើផ្លូវ រួចបន្តល្បឿនបើករត់គេចបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវ៣៧១ ភូមិក្បាលទំនប់ បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលរងរបួសខាងលើនេះមានឈ្មោះ សេង សុខុម ភេទប្រុស ជាមន្ត្រីនគរបាលចរាចរណ៍ក្រុង ប្រចាំការនៅគល់ស្ពានដែកចំការដូងផ្លូវ៣៧១។

ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកសង់០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CN-4851 បើកបរចេញពីគោលដៅដែលគាត់ប្រចាំការនៅគល់ស្ពានដែកចំការដូង ក្នុងបំណងត្រឡប់ទៅផ្ទះ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ៣៧១ ពីលិចមកកើត លុះដល់ចំណុចកើតហេតុក៏មានរថយន្តមិនចាំម៉ាក បានបើកមកកៀរម៉ូតូជនរងគ្រោះបណ្តាលឲ្យដួលបោកទៅលើផ្លូវ សំណាងណាស់ជនរងគ្រោះបានពាក់មួកការពារសុវត្ថិភាព គ្រាន់តែរបួសថ្ពាល់និងដៃតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងទំពុន២ ដើម្បីចុះមកជួយពិនិត្យដល់កន្លែងកើតហេតុ និងបានទាក់ទងទៅកាន់សមត្ថកិច្ចនគរបាលចរាចរណ៍ ដែលឈរគោលដៅជាមួយជនរងគ្រោះ ដើម្បីមកជួយនាំជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យតែម្តង៕

មតិយោបល់