ព័ត៌មានជាតិ

ក្មេងស្រីម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីយកពូថៅទៅដំព្រីភ្លើងលេងបណ្តាលឲ្យឆក់តែម្តង

កណ្តាលៈ កាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ឆក់ខ្សែភ្លើងកុមារីម្នាក់ស្លាប់ ដែលមានឈ្មោះ បញ្ញា ស្រីឡា អាយុ ៣ឆ្នាំ ស្ថិតនៅក្នុងភូមិព្រៃធំ ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

តាមប្រភពព័ត៌មានពីម្តាយឪពុករបស់កុមារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុឪពុករបស់កុមារីរងគ្រោះ បានចេញទៅធ្វើការចំណែកឯកុមារីរងគ្រោះគឺនៅនិងផ្ទះជាមួយម្តាយខ្លួនដូចសព្វដង។

ស្រាបើតែនៅថ្ងៃកើតហេតុម្តាយកុមារីរងគ្រោះក៏បានចេញទៅទិញម្ហូប ដោយទុកកុមារីរងគ្រោះ អោយនៅម្នាក់ឯង។ ពេលម្តាយចេញទៅបាត់ កូនស្រីក៏បានទាញព្រីភ្លើងដែលទុកនៅលើគ្រែធ្លាក់មកដី ហើយយកពូថៅដំព្រីភ្លើងលេង។ ក្រោយពីបែកហើយក៏ព្យាយាមលូកដៃលេង ក៏ត្រូវឆក់ស្លាប់ម្នាក់ឯងនៅកន្លែងកើតហេតុតែម្តង។

លុះម្តាយត្រឡប់មកវិញ ឃើញកូនដេកផ្ទាល់ដី ខំបញ្ជូនទៅសង្រ្គោះដែរ ប៉ុន្តែពេទ្យបានប្រាប់ថា កុមារី ស្រីឡា បានស្លាប់ដោយសារការឆក់ខ្សែភ្លើងបាត់ទៅហើយ។ ទើបរាយការទៅសមត្ថកិច្ចចុះធ្វើការពិនិត្យសាកសពរួចមក ក៏បញ្ជូនសពកុមារីរងគ្រោះ ដល់ក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់