ភ្នំពេញ: សាកសពយុវជនម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ក្រោមម៉ូតូ នៅក្នុងប្រឡាយទឹក បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោង១១និង១៥នាទីយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ សមត្ថកិច្ចមូលដ្ឋានបានត្រឹមតែយាមខ្មោច រហូតដល់វេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ទើបសមត្ថកិច្ចជំនាញកោសល្យវិច័យ ស្រង់លើកទាំងម៉ូតូ ទាំងសាកសពឡើងគោក ដើម្បីពិនិត្យ ឲ្យដឹងថាស្លាប់ដោយសារអ្វី ។
សពជនរងគ្រោះឈ្មោះ បូរ លីហួរ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងដែក ស្នាក់នៅកន្លែងសិប្បកម្ម ភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិកោះទាវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។
តាមការបំភ្លឺពីបុរសម្នាក់ឈ្មោះ ស៊ិន សំណាង ភេទប្រុស អាយុ៣២ឆ្នាំ ជាមេជាង ស្នាក់នៅភូមិសាមគ្គី៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិកោះទាវ ឃុំសំពៅពូន ស្រុកកោះធំ ជាមួយគ្នា បានឲ្យដឹងថា ជនរងគ្រោះមកធ្វើការងារទីនេះអស់រយៈពេល៣ខែមកហើយ ហើយកាលពីយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ម្សិលមិញនេះ ជនរងគ្រោះរួមជាមួយក្រុមការងារ គ្នា៥នាក់ផឹកស៊ី នៅកន្លែងធ្វើការ ក្នុងភូមិត្រពាំងអណ្តូង ក្បែរកន្លែងកើតហេតុនេះដែរ ផឹកអស់ស្រាបៀរ១.៥កេស រួចជនរងគ្រោះក៏ទាញម៉ូតូ វ៉េវ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1B-4299 ជិះចេញទៅបាត់រហូត ដល់វេលាម៉ោង១១យប់ទៅហើយ ទោះជាមានការភ្ញាក់ផ្អើល ក្រោយប្រទះឃើញសាកសព ក្រោមម៉ូតូនៅក្នុងប្រឡាយ នៅចំណុចខាងលើ ក៏គ្មានអ្នកណាអះអាង សន្និដ្ឋានច្បាស់ការថា ជាជនរងគ្រោះស្លាប់ដោយសារអ្វីដែរ ម្យ៉ាងយប់ងងឹតផង មតិលើកឡើងរបស់មហាជនផ្សេងៗគ្នា ខ្លះសង្ស័យស្រវឹងស្រាជិះម៉ូតូធ្លាក់ប្រឡាយស្លាប់ អ្នកខ្លះសង្ស័យពាក់ព័ន្ធអំពើឃាតកម្ម សមត្ថកិច្ចមូលដ្ឋានបានត្រឹមដេកយាមសព រហូតដល់ព្រឹកភ្លឺច្បាស់ ថ្ងៃទី០៥ ខែសីហា នេះ ទើបឃើញវត្តមានសមត្ថកិច្ចជំនាញ ទាំងចរាចរណ៍ ទាំងព្រហ្មទណ្ឌ ទាំងអាវុធហត្ថ រួមទាំងជំនាញធ្វើកោសល្យវិច័យស្នងការក្រុង ចុះមកពិនិត្យទីតាំង លើកម៉ូតូ និងសាកសពចេញពីក្នុងប្រឡាយ ឃើញជាក់ស្តែង ជនរងគ្រោះមានស្នាមបោកបែកក្បាលផ្នែកខាងមុខ ដាច់រយះកផ្នែកខាងក្រោយ ផ្ទប់នឹងលូ ម៉ូតូវ៉េវ បែកកង់ក្រោយ ។
សាកសពទោះជាយ៉ាងណាក្តី សមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តអរុណវតី្ត ដើម្បីបន្តពិនិត្យធ្វើកោសល្យវិច័យ ហើយការសន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបែកកង់ធ្លាក់ចូលប្រឡាយ បោកផ្ទប់មាត់លូបែកក្បាល ម៉ូតូសង្កត់ពីលើ ឈ្លក់ទឹកស្លាប់ រួចប្រគល់សពជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕
មតិយោបល់