បាត់ដំបងៈ អ្នកដំណើរម្នាក់បានស្លាប់ និង ៥នាក់ផ្សេងទៀតរងរបួសធ្ងន់ដោយសាររថយន្តឆ្លងចរន្តអគ្គិសនីផ្ទុះឆេះពេល កំពុងធ្វើដំណើរ។
រថយន្តក្រុងក្រុមហ៊ុនរិទ្ធមុនីពាក់ស្លាកលេខ ភ្នំពេញ 3B-1880 ពណ៌លឿងមួយគ្រឿង ពេលធ្វើដំណើរពីក្រុងប៉ោយប៉ែត ឆ្ពោះទៅក្រុងភ្នំពេញ បានឆ្លងចរន្តអគ្គីសនី បណ្តាលឲ្យផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោងប្រហែល ១០ និង៣០នាទីយប់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០១៦ ត្រង់ចំណុចផ្លូវវាងក្រុង ស្ថិតក្នុងសង្កាត់អូរម៉ាល់ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
យោងតាមប្រភពពីសាក្សីបានឲ្យដឹងថា ពេលរថយន្តនេះកំពុងធ្វើចរាចរណ៍នៅលើដងផ្លូវ ស្រាប់តែមានអណ្តាតភ្លើងបានឆាបឆេះឡើងនៅត្រង់ក្បាលរថយន្តទើបធ្វើឲ្យមានការចលាចលក្នុងរថយន្ត ដោយនៅពេលនោះដែរ អ្នកបើកបរបានបញ្ឈប់យានយន្តហើយបើកទ្វាររត់គេចខ្លួនជាមួយនឹងព្រូម្នាក់បាត់ស្រមោលដោយទុកឲ្យអ្នកដំណើរឆ្លេរឆ្លារ និងរត់ជាន់គ្នាដួលក្នុងរថយន្ត។
ភ្លាមៗនោះដែរបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍រួចមក កម្លាំងការិយាល័យបង្ការ ពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្ត បានចេញប្រតិបត្តិការទៅកាន់ទីតាំងកើតហេតុខាងលើ ដើម្បីជួយអន្តរាគមន៍ក្នុងការពន្លត់ ប៉ុន្តែអ្វីៗត្រួវបានយឺតពេលទៅហើយដោយសារតែរថយន្តនោះបានឆាបឆេះអស់ស្ទើរទាំងស្រុង ខណៈដែល អ្នកដំណើរទាំងអស់កំពុងសម្រុករត់ចេញឆ្ងាយពីរថយន្ត ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យសង្កេតឃើញថា មានអ្នកដំណើរ ភេទប្រុសម្នាក់ បានស្លាប់ដោយភ្លើងឆេះខ្លោចនៅក្នុងរថយន្ត និង៥នាក់ទៀតរងរបួសធ្ងន់ ក្នុងនោះមានប្រុស២នាក់ ចំណែករថយន្តត្រូវឆេះខូចខាតទាំងស្រុង និងឥវ៉ាន់របស់អ្នកដំណើរក៏ត្រូវភ្លើងឆាបឆេះគ្មានសល់ដែរ។
ភ្លាមៗសមត្ថកិច្ចបានជួយបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ដោយឡែកសព គឺកំពុងស្រាវជ្រាវរកអត្តសញ្ញាណនៅឡើយ ៕
មតិយោបល់