ព័ត៌មានជាតិ

ប្រយត្ន័ឲ្យមែនទែន! រកឃើញកាកសំណល់ថ្នាំកសិកម្មនៅក្នុងផ្កាកាឆាយ និងស្លឹកខ្ទឹមទៀតហើយ

កោះកុងៈ យោងតាមផេកផ្លូវការរបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ សាខាកាំកុងត្រូលខេត្តកោះកុង បានសហការជាមួយនឹង មន្ទីពិសោធន៍ចល័ត និងសមត្ថកិច្ចពាក់ព័ន្ធ បានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាព ផលិតផលម្ហូបអាហារនៅផ្សារដងទង់ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។

ក្នុងការត្រួតពិនិត្យនោះដែរ សមត្ថកិច្ចជំនាញ បានយកគំរូម្ហូបអាហារ បន្លែ ផ្លែឈើ គ្រឿងសមុទ្រចំនួន១៨មុខ ដើម្បីវិភាគស្វែងរកសារធាតុគីមីហាមឃាត់ ដោយរថយន្តមន្ទីរពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល។

ជាលទ្ធផលគឺរកឃើញកាកសំណល់ថ្នាំកសិកម្មលើគំរូចំនួន២មុខ នៃគំរូចំនួន១៨មុខ រួមមាន ផ្កាកាឆាយ ចំនួន៦គីឡូក្រាម និងស្លឹកខ្ទឹមចំនួន១០គីឡូក្រាម។

បន្ទាប់ពីរកឃើញសារធាតុគីមីហាមឃាត់ខាងលើ សមត្ថកិច្ចសម្រេចធ្វើការរឹបអូសផ្កាកាឆាយនិងស្លឹកខ្ទឹមសរុបចំនួន១៦គីឡូក្រាម ដើម្បីកំទេចចោលតាមនីតិវិធីច្បាប់ ហើយបានធ្វើការណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ទទួលយកមកលក់បន្តទៀត។

ក្នុងនោះដែរ បើតាមការអះអាងរបស់អាជីវករបានប្រាប់ថា ផ្កាកាឆាយ និងស្លឹកខ្ទឹមខាងលើ គឺគាត់ឲ្យផ្ញើរមកពីខេត្តកំពត ហើយពួកគាត់សន្យាឈប់ទទួលលក់ទៀតហើយ៕

មតិយោបល់