ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ បើកម៉ូតូវ៉ាជែងរថយ​ន្តទាក់ដៃចង្កូត បណ្តាលឲ្យដួលកិនស្លាប់នៅកន្លែងកើតហេតុ

កណ្តាល: នៅថ្ងៃសៅរ៍ ១១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៦ និង ៣២នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បង្កឡើងដោយរថយន្តនិងម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ នៅនឹងកន្លែងកើតហេតុ លើកំណាត់ផ្លូវជាតិលេខ៦១ ចន្លោះគីឡូម៉ែត្រលេខ ១៥-១៦ ស្ថិតក្នុងភូមិ ព្រែកក្តាម១ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។

សភាពនៃរឿងហេតុ៖ នៅថ្ងៃកើតហេតុខាងលើ មានម៉ូតូ០១គ្រឿងម៉ាក HONDA DREAM c100 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ក-3644 កណ1 បើកបរក្នុងទិសដៅពីជើងទៅត្បូងដោយឈ្មោះ ឃិន អេង ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល (ពាក់មួកសុវត្ថិភាព) ។ លុះពេលបើកបរមកដល់ចំណុចកើតហេតុ បានបើកវ៉ាជែង រថយន្តធុនធំ០១គ្រឿង (ប្រភេទក្បាលសណ្តោង) ពេលកំពុងវ៉ាជែង ម៉ូតូខាងលើ ក៏បានប៉ះដៃចង្កូតម៉ូតូជាមួយនឹងរថយន្ត ធុនតូច០១គ្រឿង ដែលកំពុងបើកបរ បញ្រ្ចាសទិសគ្នា (រថយន្តមិនស្គាល់អត្តសញ្ញាណ) ធ្វើឲ្យម៉ូតូដួល បណ្តាលឲ្យរថយន្តដែលម៉ូតូបើកបរឡើងវ៉ាជែង កិនអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង ។

ក្រោយពេលកើតហេតុ រថយន្តដែលកិនអ្នកបើកបរម៉ូតូខាងលើ មិនបានឈប់នៅកន្លែងកើតហេតុទេ បានបើកបរព្យាយាមគេចខ្លួន រហូតដល់ភូមិសាស្ត្រ ភូមិធ្យូង ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ទើបបញ្ឈប់រថយន្ត (ហើយអ្នកបើកបររថយន្តរត់គេចខ្លួនបាត់) ។ រថយន្តនោះមាន ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ព្រៃវែង 3A-1497 សណ្តោងរ៉ឺម៉ក ពណ៌បៃតង ពាក់ផ្លាកលេខ ព្រៃវែង 4A-0133 ។

បច្ចុប្បន្នរថយន្តខាងលើ ត្រូវបានកម្លាំងផ្នែកជំនាញ បានចុះដល់កន្លែងកើតហេតុបន្ទាន់ ធ្វើការគូសដៅ កន្លែងកើតហេតុ នឹងបាននាំយកមធ្យោបាយពាក់ព័ន្ធមករក្សាទុក ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ដើម្បីបន្តនីតិវិធី ៕

មតិយោបល់