ព័ត៌មានជាតិ

ប្រេងកំពប់ពេញផ្លូវ បណ្តាលឲ្យអ្នកជិះម៉ូតូកាត់ ដួលរងគ្រោះបន្តបន្ទាប់គ្នា នៅខណ្ឌជ្រោយចង្វា

ភ្នំពេញ: ម៉ូតូជាច្រើនគ្រឿងបានដួលបន្តបន្ទាប់គ្នា ខណ:ដែលមានប្រេងកំពប់ពេញផ្លូវ នៅតាមបណ្ដោយផ្លូវ OCIC ត្រង់ចំណុចខាងត្បូងវិមានអាហារប្រហែល៥០ម៉ែត្រ ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១និង០០នាទី រសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ក្នុងហេតុការណ៍នេះមានស្ត្រីចំនួន២នាក់រងរបួស ត្រូវបានសាត់ញាតិដឹកតាមរថយន្តទៅព្យាបាល និងម៉ូតូដែលដួល៥គ្រឿងទៀត ដួលហើយលើកជិះដោយខ្លួនឯង បន្តដំណើរទៅមុខទៀត។

យោងតាមប្រភព ពីសាច់ញាតិរបស់ស្ត្រី២នាក់ ដែលដួលម៉ូតូ ហើយត្រូវបានដឹកទៅមន្ទីរពេទ្យ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់បានបើកម៉ូតូ តាមរង្វង់មូលតាព្រហ្ម បណ្ដោយផ្លូវ OCIC ខាងត្បូងវិមានអាហារបន្តិច ក៏ឃើញផ្លូវសើម តែមិនបានចាប់អារម្មណ៍ លុះមកដល់ចំណុចកើតហេតុ រអិលដួលបន្តបន្ទាប់គ្នា បណ្ដាលឲ្យរបួសរលាត់ដៃ រលាត់ជើងនិងជង្គង់។

ភ្លាមៗនោះ ក៏មានម៉ូតូចំនួន៣គ្រឿងទៀត ដួលជាបន្តបន្ទាប់គ្នា ប៉ុន្តែពួកគាត់បានលើកជិះបន្តទៅមុខទៀតតាមធម្មតា ។

ក្រោយពេលកើតហេតុ ប្រហែលជាកន្លះម៉ោងឃើញមានរថយន្តទីក្រុងជ្រោយចង្វា បានមកបាញ់ទឹកលាងសំអាតផ្លូវ ដើម្បីកុំឱ្យរអិល៕

មតិយោបល់