ព័ត៌មានជាតិ

រថយន្តបុកម៉ូតូ បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់

កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃសុក្រ ០៣រោច ខែស្រាពណ៍ ឆ្នាំជូតព.ស.២៥៦៤ត្រូវនឹងថ្ងៃទី០៧ ខែសីហា​ ឆ្នាំ២០២០ វេលាម៉ោង១៥និង១០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាង រថយន្តនិងម៉ូតូបណ្ដាលឲ្យរបួសធ្ងន់០២នាក់ ខូចខាតម៉ូតូចំនួន០១គ្រឿងនិងរថយន្ត០១គ្រឿង លើផ្លូវជាតិលេខ៦ចន្លោះគីឡូមែត្រលេខ២៦–២៧ ត្រង់ចំណុចភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

នៅថ្ងៃកើតហេតុខាងលើមានរថយន្តមួយគ្រឿងម៉ាកតូយូតា តាកូមា ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2AY7033 អ្នកបើកបរ(រត់គេចបាត់)ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានមកបុកម៉ូតូមួយគ្រឿងម៉ាកហុងដាC125ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1R2400 បើកបរដោយឈ្មោះ ស្នា ស្នោ ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅភូមិមេសខាងកើត ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ដោយមានរួមដំណើរពីនាក់៖

១-ឈ្មោះ ពូន សសរឿន ភេទស្រី អាយុ៣៩ឆ្នាំ មានទីលំនៅភូមិមេសខាងកើត ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។ ២-ឈ្មោះស្នា វ៉ារីន ភេទស្រី អាយុ០៤ឆ្នាំ មានទីលំនៅជាមួយគ្នា (ទាំងបីនាក់មិនពាក់មួកសុវត្តិភាព) ដែលធ្វើដំណើរពីត្បូងទៅជើង(ស្របទិសគ្នា) បណ្ដាលឲ្យរបួសស្រាលដល់អ្នកបើកបរម៉ូតូ និង របួសធ្ងន់ដល់អ្នករួមដំណើរ ទាំង២នាក់ ហើយបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។អ្នកបើកបរថយន្តតាកូមាបានគេចពីរថយន្តធំដែលវ៉ាជែងខ្លួន ហើយគេចមកស្ដាំជ្រុលមកបុកម៉ូតូពីក្រោយ។ក្រោយពេលបុកហើយអ្នកបើកបរ រថយន្តក៏រត់គេចខ្លួនបាត់។

ក្រោយពីទទួលព័ត៌មានកម្លាំងប៉ុស្តិ៍ឫស្សីជ្រោយនិង កម្លាំងជំនាញបានចុះ ទៅដល់កន្លែងកើតហេតុ ហើយបានពិនិត្យ កន្លែងកើតហេតុ និងវាស់វែង ហើយបានយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ៕

មតិយោបល់