ភ្នំពេញៈ ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ដែលបាញ់សម្លាប់បុរសម្នាក់ និងបាញ់គំរាមសមត្ថកិច្ចខណ្ឌច្បារអំពៅ ត្រូវបានបញ្ជូនខ្លួនទៅតុលាការ ហើយ នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់៖
-ទី១ឈ្មោះ គឹម សៀងហៃ អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ
-និងទី២ឈ្មោះ ជា ជ័យសំណាង (ហៅតឿ) អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ចំណែកជនរងគ្រោះ ឈ្មោះ ឯក ជីវន្ត អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនសង្ស័យទាំង២នាក់ខាងលើត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ម្សិលមិញ នៅចំណុចមុខវត្តនិរោធ ផ្លូវជាតិលេខ១ ភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បន្ទាប់ពីពួកគេបានរត់គេចខ្លួនអស់មួយរយៈ ក្រោយពីបានធ្វើសកម្មភាពបាញ់សម្លាប់បុរសម្នាក់ និងរងរបួសម្នាក់រួចបាញ់គំរាមនគរបាលមូលដ្ឋានខណ្ឌច្បារអំពៅ កាលពីអំឡុងខែកក្កដា និងខែសីហា ឆ្នាំ២០១៧ កន្លងទៅ។
គួររំលឹកថា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ជនសង្ស័យទាំង ២នាក់ខាងលើ បានធ្វើសកម្មភាពប៉ុនប៉ងឃាតកម្ម ដោយប្រើអាវុធខ្លីម៉ាកប៉េអាកុលបាញ់គម្រាមសម្លាប់ ទៅលើ ជនរងគ្រោះ ឈ្មោះ ឯក ជីវន្ត ភេទប្រុស អាយុ ១៨ឆ្នាំ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។
នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ បានប្រព្រឹត្តអំពើឃាតកម្មប្រើអាវុធប៉េអាកុលបាញ់ទៅលើជនរងគ្រោះ ឈ្មោះ វ៉ាន់ បញ្ញា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ ជាងសំណង់នៅចំណុចផ្ទះគ្មានលេខផ្លូវជាតិលេខ១ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ជនសង្ស័យទាំង ២នាក់ខាងលើប្រើអាវុធខ្លីម៉ាកK៥៩ បាញ់ទៅលើសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្បាលកោះ នៅចំណុចមុខវត្តវិចិត្តារាម ផ្លូវបេតុង ភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ជនសង្ស័យម្នាក់ឈ្មោះ គឹម សៀងហៃ ប្រើអាវុធខ្លីម៉ាកK៥៩ បាញ់ទៅលើសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្បាលកោះ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួមជាមួយភស្តុតាងត្រូវសមត្ថកិច្ចបញ្ជូន ខ្លួនមកកាន់អធិកាដ្ឋានច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕



https://youtu.be/xk9A3WoGe7E
មតិយោបល់