ព័ត៌មានជាតិ

លួចសំបកកង់សាគួររថយន្តរបស់អនុប្រធានក្រុមហ៊ុនសន្តិសុខKNSK បានសម្រេចតែគេចមិនរួចត្រូវជាប់ដដែល

ភ្នំពេញ: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីលួចសំបកកង់សាគួររថយន្តកាលពីថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០២០ វេលា ម៉ោង៣និង២០នាទីទៀបភ្លឺ នៅចំណុចមុខស្នាក់ការក្រុមហ៊ុនសន្តិសុខKNSK ផ្ទះលេខ៣១A ផ្លូវលេខ៨ ភូមិ ទួលរកា១ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ អ៊ឹម ច័ន្ទវាសនា ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ១៥៣៩ ផ្លូវលំ ភូមិ ទួលរកា២ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន) ។
ជនរងគ្រោះឈ្មោះ ហ៊ុន វិសាល ភេទ ប្រុស អាយុ ៤៩ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ៨៧ ផ្លូវជាតិលេខ២ ភូមិ តាក្តុលត្បូង សង្កាត់ តាក្តុល ក្រុង តាខ្មៅ ខេត្ត កណ្តាល មុខរបរ អនុប្រធានក្រុមហ៊ុនសន្តិសុខKNSK ។
វត្ថុតាងចាប់យក ៖ សំបកកង់សាគួររថយន្តចំនួន០១គ្រាប់ (ជារបស់ជនរងគ្រោះឈ្មោះ ហ៊ុន វិសាល ) ។
តាមប្រភពព័ត៌មាន កាលពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២០ វេលាម៉ោង៧និង០០នាទី ជនរងគ្រោះឈ្មោះ ហ៊ុន វិសាល ភេទ ប្រុស អាយុ ៤៩ ឆ្នាំ បានបើករថយន្ត០១គ្រឿងម៉ាកតាកូម៉ា ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AW 8632 (ដែលមានទុកកង់សាគួររថយន្តចំនួន០១គ្រាប់នៅបាំងខាងក្រោយ) មកចតទុកនៅមុខស្នាក់ការក្រុមហ៊ុនសន្តិសុខKNSK ផ្ទះលេខ៣១A ផ្លូវលេខ៨ ភូមិ ទួលរកា១ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (ចំណុចកើតហេតុ) ហើយបានទៅសម្រាកនៅផ្ទះក្រុងតាខ្មៅ ខេត្ត កណ្តាល ។ លុះមកដល់ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០២០ វេលាម៉ោង០៦និង៣០នាទី ជនរងគ្រោះឈ្មោះ ហ៊ុន វិសាល បានមកយករថយន្តដើម្បីដឹកបុគ្គលិកសន្តិសុខ ស្រាប់តែបាត់កង់សាគួរមិនឃើញ ក៏បានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោមឲ្យជួយស្រាវជ្រាវរក ភ្លាមនោះសមត្ថកិច្ចបានចុះទៅពិនិត្យកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុ ឃើញជនសង្ស័យចំនួន០២នាក់ឈ្មោះ អ៊ឹម ច័ន្ទវាសនា ភេទ ប្រុស អាយុ ៣១ ឆ្នាំ និង ឈ្មោះ ភី ភេទ ប្រុស អាយុ ២៦ឆ្នាំ ជាអ្នកលួចយកសំបកកង់សាគួររបស់ជនរងគ្រោះឈ្មោះ ហ៊ុន វិសាល កាលពីថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០២០ វេលាម៉ោង០៣និង២០នាទីទៀបភ្លឺ ក៏បានស្រាវជ្រាវរករហូតដល់ថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២០ វេលាម៉ោង១១និង០០នាទី ទើបប្រទះឃើញជនសង្ស័យឈ្មោះ អ៊ឹម ច័ន្ទវាសនា នៅចំណុចផ្លូវលំ ភូមិ ទួលរកា១ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ ក៏ឃាត់ខ្លួនយកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោមចាត់ការតាមនីតិវិធី ចំណែកបក្សពួកជនសង្ស័យឈ្មោះ ភី បានរត់គេចខ្លួនបាត់ ។ នៅពេលឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៊ឹម ច័ន្ទវាសនា សមត្ថកិច្ចបានចាប់យកវត្ថុតាង ៖ សំបកកង់សាគួររថយន្តចំនួន០១គ្រាប់ (ជារបស់ជនរងគ្រោះឈ្មោះ ហ៊ុន វិសាល ) ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

 

មតិយោបល់