ភំ្នពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ស្នងការដ្ឋាននគរបាលរាជធានីភំ្នពេញ អនុវត្តតាមស្មារតីប្រកាសលេខ ២៨៨៤ប្រក ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តពីការផ្ទេរសមត្ថកិច្ច ក្នុងការផ្តល់សៀវភៅគ្រួសារ-ស្នាក់នៅ ។ អនុវត្តតាមប្រកាសលេខ០០១ សណន ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ស្តីពី បែបបទ និងនីតិវិធី នៃការងារចុះបញ្ជីនិងគ្រប់គ្រងការស្នាក់នៅជូនដល់ប្រជាពលរដ្ឋខ្មែរ ។
នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ មិន សុផេត ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្មបានដឹកនាំប្រគល់ជូនបែបបទសុំផ្តល់, ត្រា និងសៀវភៅស្នាក់នៅជូនដល់បណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ និងដោយមួយមួយប៉ុស្តិ៍ទទួលបាន៣៣សន្លឹក និងសៀវភៅគ្រួសារដល់អធិការដ្ឋាននគរបាលទាំង១៤ ដោយមួយខណ្ឌទទួលបាន ២៥០ក្បាល ដើម្បីយកទៅចាត់ចែងផ្តល់ជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់តាមតម្រូវការចាំបាច់។
លោកឧត្តមសេនីយ៍ទោ មិន សុផេត ស្នងការរង ក៏បានណែនាំដល់លោកអធិការខណ្ឌទាំង១៤ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ ត្រូវខិតខំយកចិត្តទុកដាក់ អនុវត្តតាម ស្មារតីប្រកាស និងសេចក្តីណែនាំខាងលើ ឲ្យមានប្រសិទ្ធភាព ដោយធ្វើយ៉ាងណាពន្លឿនការផ្តល់សេវាតម្រូវការឯកសារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យបានឆាប់រហ័ស ដោយមិនឲ្យលើសពីរយៈពេល១០ថ្ងៃ សម្រាប់សៀវភៅស្នាក់នៅ និង១៥ថ្ងៃសម្រាប់សៀវភៅគ្រួសារ ហើយការផ្តល់នោះ គឺមិនត្រូវឲ្យមានការ បង់ប្រាក់នោះឡើយ។
លោកឧត្តមសេនីយ៍ស្នងការរង ក៏បានលើកពីទិសដៅការងាររបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភំ្នពេញ ពាក់ព័ន្ធការផ្តល់ឯកសារសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ជូនដល់ប្រជាពលរដ្ឋទៅដល់ខ្នងផ្ទះ ដោយហាមមិនអនុញ្ញាតយកទុកចោលនោះទេ ដើម្បីទុកជាថ្នូររកកំរ៉ៃខុស ច្បាប់ណានោះឡើយ ហើយណែនាំពួកគាត់ឲ្យចេះថែទាំឯកសារទាំងនោះ ឲ្យបានល្អ សម្រាប់ការប្រើប្រាស់គង់វង្សយូរអង្វែង ៕
មតិយោបល់