ព័ត៌មានជាតិ

ងោកមួយភាំងកៀរក្បាលនាគពុះចែកទ្រូងផ្លូវ ឃ្លាតចាកទីរថយន្តខូចខាតយ៉ាងដំណំ

ភ្នំពេញ: រថយន្ត នីសាន់មួយគ្រឿងបានរងការខូចខាតយ៉ាងដំណំ បន្ទាប់ពីតៃកុងងោកមួយភាំងកៀរក្បាលនាគពុះចែកទ្រូងផ្លូវឃ្លាតចាកទី។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១និង២០នាទីរសៀល ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៥ ចំណុច មុខម៉ូឌែន៥ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

រថយន្តខាងលើម៉ាក នីសាន់ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AX8231 បើកដោយបុរសម្នាក់រួមជាមួយប្រពន្ធ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តខាងលើ បានបើកតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុតៃកុងរថយន្ត បានងោកមួយភាំងក៏ជ្រុលចង្កូតទៅកៀរក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យ ឃ្លាតចាកទីរថយន្តមិនអស់ល្បឿនជ្រុលកៀររបាំងថ្មបន្ថែមទៀតទើបធ្វើឲ្យរថយន្តខូចខាតខ្លាំងទៅមុខលែងរួច។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានមកដល់ទាក់ទងជំនាញវាស់វែង យករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធីនៅពេលក្រោយ៕

មតិយោបល់