ព័ត៌មានជាតិ

រឿងលុយទិញពោតហូបចំនួន ២,០០០រៀល ធ្វើឲ្យម្ដាយចុងវាយកូនស្រីដើម បែកចិញ្ចើមហូរឈាម

ភ្នំពេញៈ ក្មេងស្រីម្នាក់រងរបួសបែកចិញ្ចើមឆ្វេង ហូរឈាម បន្ទាប់ពីកើតមានហិង្សាក្នុងគ្រួសារ ម្តាយចុងគប់នឹងដុំថ្ម ដោយចោទប្រកាន់ថាកូនស្រីចុង លួចយកលុយ២ពាន់រៀល ទ្រាំលែងបានរត់ទៅប្តឹងប៉ូលិស កាលពីវេលាម៉ោង ១២និង៣០នាទីរសៀល ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ នៅផ្ទះជួលក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ក្មេងស្រីរងគ្រោះឈ្មោះ ផាន់នី ម៉ាលី អាយុ ១៦ឆ្នាំ សម្រាកការងារ ដោយរោងចក្រផ្អាកបណ្តោះអាសន្ន ស្នាក់នៅ ផ្ទះជួល ជាមួយបងប្អូន ក្នុងភូមិកើតហេតុ មានស្រុកកំណើត ភូមិអង្គក្លើ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រងរបួសបែកចិញ្ចើមខាងឆ្វេង ។ ចំណែកម្តាយចុងមានឈ្មោះ សន ស្រីម៉ៅ អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ មានស្រុកកំណើត ភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។ រីឯឪពុកមានឈ្មោះ ភុំ ផានី អាយុ ៤០ឆ្នាំ ស្នាក់នៅជាមួយប្រពន្ធថ្មី នៅក្នុងភូមិជម្ពូវ័ន ។

តាមការរៀបរាប់ពីក្មេងរងគ្រោះបានឲ្យដឹងថា នាងមានបងប្អូនបង្កើត ៣នាក់ ប្រុស២នាក់ ស្រី១នាក់ នាងជាកូនទី២ ហើយក្រោយពីម្តាយបង្កើតរបស់នាងស្លាប់ទៅ អស់រយៈពេល ៦ឆ្នាំមកហើយ ក្រោយមកឪពុករបស់នាងមានប្រពន្ធក្រោយម្នាក់ទៀត គឺឈ្មោះ សន ស្រីម៉ៅ មានកូនក្រោយប្រុស អាយុជាង២ខួបហើយ ។ ក្មេងស្រីបន្តទៀតថា តាំងពីឪពុកនាងមានប្រពន្ធក្រោយ ម្តាយចុងហាក់បីដូចជា មិនស្រឡាញ់ ចូលចិត្ត ពួកនាងទាំង ៣នាក់បងប្អូនឡើយ ស្នាក់នៅទីទៃពីគ្នា កាលបើឪពុកនាងឲ្យលុយកូនៗពេលណា ម្តាយចុងដឹងតែពីរករឿងហើយ ។ ភាពគ្មានសុភមង្គលក្នុងគ្រួសារ រវាងម្តាយចុងជាមួយកូនដើម រហូតមកដល់រសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០នេះ នាងបានទៅសុំលុយឪពុក២ពាន់រៀល ដើម្បីទិញពោត ឪពុកឲ្យលុយ ទិញហូបរួច ម្តាយចុងចូលមកដល់ ស្រែកថាបាត់លុយ ឃើញសភាពឆោឡោរបស់ម្តាយចុងដូចសម្បើមណាស់ ឪពុកក៏បានយកលុយ២ពាន់រៀលដាក់សងឲ្យប្រពន្ធវិញ តែប្រពន្ធចុងមិននៅស្ងៀម មិនបានស្ងប់អារម្មណ៍ ព្រោះឃើញកូនដើមមកទៀតហើយ ចាប់ផ្តើមតម្លើងសំឡេង បំប៉ោងបំពង់ក ស្រែកជេរឡូឡា ឈានដល់នាងជាកូនចុងតបតមាត់ ម្តាយកាន់តែឆេះផ្ទុះកំហឹងទ្វេរឡើង ស្រវ៉ារើសបានដុំថ្មគប់មកលើកូនស្រី បណ្តាលឲ្យរងរបួសហូរឈាមកក្លាក់ ឪពុកជួយចាប់ឃាត់ជាប់ កូនស្រីរត់ទៅប្តឹងប៉ូលិសឲ្យជួយអន្តរាគមន៍។

តែបើតាមសម្តីស្ត្រីជាម្តាយចុងវិញ ក្នុងទឹកមុខសម្បើមយក្ស ភ្នែកធំសម្លឹងមុត ហើយប្រាប់យ៉ាងខ្លីថា មកពីកូនចេះតែមកកកូរ កកាយ ក្នុងបន្ទប់គាត់ពេក ម្តងមករកនេះ ម្តងមករកនោះ ហើយគាត់បាត់លុយសរុបអស់ ៥ម៉ឺនរៀលហើយ ដោយសារកូនស្រីមួយនេះ មកដល់លើកនេះមកម្តងទៀត បាត់លុយអស់២ពាន់រៀល ទើបទ្រាំលែងបាន កើតបញ្ហាបែបនេះ ។

តែបើបុរសឈ្មោះ ភុំ ផានី ជាប្តី ជាឪពុក វិញបានឲ្យដឹងថា ក្រោយពីភរិយាដើមគាត់ស្លាប់ទៅ បន្សល់ទុកកូន៣នាក់ ហើយគាត់ក៏មានប្រពន្ធក្រោយម្នាក់ទៀត អស់រយៈពេល ៥ឆ្នាំហើយ មានកូនប្រុសម្នាក់ អាយុ២ខួប ស្នាក់នៅផ្ទះជួលចំណុចកើតហេតុ គាត់តឹងទ្រូងស្ទើរបែកទៅហើយ បន្ទុកត្រូវដោះស្រាយក្នុងគ្រួសារនៅលើគាត់ កាលបើនែបនិត្យខាងកូន ខាងប្រពន្ធច្បាស់ហើយមិនពេញចិត្ត កាលបើប្រកាន់ខ្ជាប់នែបនិត្យតែខាងប្រពន្ធក្រោយនេះពេក ច្បាស់ហើយកូនៗច្បាស់អត់អីហូបជាមិនខាន ។ ហើយក្រោយកើតរឿងនៅពេលនេះ ក្នុងនាមគាត់ ជាប្តី ជាឪពុក សុំតែម្យ៉ាងសម្របសម្រួលគ្នា កុំឲ្យមានថ្ងៃក្រោយទៀត ។

ទោះជាយ៉ាងណាក្តី ករណីហិង្សា ម្តាយចុងវាយកូនដើមបង្កឲ្យរបួសស្នាម ក្រោយពីក្មេងរងគ្រោះរត់មកប្តឹង សមត្ថកិច្ចចុះទៅអន្តរាគមន៍ភ្លាមៗ ទៅនាំភាគីខាងម្តាយចុងមកសាកសួរនៅប៉ុស្តិ៍ចោមចៅ៣ដោយធ្វើការអប់រំណែរនាំ ៕

មតិយោបល់