ព័ត៌មានជាតិ

ស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់ ករណីរុញរ៉ឺម៉កថយក្រោយ ប៉ះទ្វារ បង្អួច គៀបខ្សែភ្លើង បណ្ដាលឲ្យឆ្លងចរន្តឆក់

ត្បូងឃ្មុំ: នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១០និង៣០ នាទី ចំណុចផ្ទះសារី គ្រឿន ភេទប្រុស ស្ថិតនៅភូមិវាលខ្នាច ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
-សពឈ្មោះ អ៊ីន អន ហៅគ ភេទប្រុស អាយុ ៣២ឆ្នាំ ជាតិខ្មែរ (ជាមនុស្សគ) ។
-ជនរងគ្រោះឈ្មោះ ឈា វៃ ភេទប្រុស អាយុ ៣២ឆ្នាំ ជាតិខ្មែរ រស់នៅ ភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

ប្រភពបានឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ ស៊ីឈ្នួលបើកបររ៉ឺម៉កម៉ូតូដឹកដីចេញពីកន្លែងជាងផ្សារដែក ធ្វើកន្លែងកិនភ្លី សន្លឹកដែកស័ង្កសី ហើយបានរុញរ៉ឺម៉កថយក្រោយ ក៏ប៉ះទ្វារ បង្អួច គៀបខ្សែភ្លើងដែលជាងតបណ្តាញចរន្តអគ្គិសនី ត្រូវបានចរន្តអគ្គិសនីឆ្លងរ៉ឺម៉កបណ្ដាលឲ្យ ឆក់ជនរងគ្រោះទាំងពីរតែម្តង។

ភ្លាមនោះឈ្មោះ សារី គ្រឿន ម្ចាស់ផ្ទះក៏បានរត់ទៅដកឌុយខ្សែភ្លើង ចេញពីព្រីភ្លើងដើមសង្គ្រោះឈ្មោះ ឈា វៃ ទាន់ពេលវេលា បច្ចុប្បន្ន កំពុងសំរាកព្យាបាលនៅមណ្ឌល សុខភាពស្រឡប់។ រីឯឈ្មោះ អ៊ីម អន ហៅ គ បានស្លាប់នៅនឹងកន្លែងកើតហេតុ។

បន្ទាប់ពីទទួលព័ត៌មានភ្លាមកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រឡប់ ដោយមានការចូល រួមពីគ្រូពេទ្យមណ្ឌលសុខភាព ស្រឡប់ និងអាជ្ញាធរមូលដ្ឋាន បានចុះដល់ កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងពិនិត្យសាកសព។

សន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ និងរងគ្រោះដោយសារឆ្លងចរន្តអគ្គិសនីឆក់ពិតប្រាកដមែន ។

ក្រោយពីពិនិត្យចប់រួចរាល់ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់