ភ្នំពេញៈ កាលពីវេលាម៉ោង ១១យប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ តាមបណ្តោយផ្លូវបេតុងភ្លោះ ស្ថិតក្នុងភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកនិងរ៉ឺម៉កសណ្តោង បណ្ដាលឲ្យជនរងគ្រោះម្នាក់ សន្លប់ស្ដូក។
ភ្លាមៗនោះរថយន្តបង្ក មិនព្រមឈប់ទទួលខុសត្រូវនោះទេ ព្យាយាមរត់គេច ក៏រេចង្កូតធ្លាក់ចូលប្រឡាយទឹក ហើយប្រជាពលរដ្ឋឃើញហេតុការណ៍ បានឃាត់តៃកុងទ្បាន ប្រគល់សមត្ថកិច្ច។
រថយន្តបង្កម៉ាកតូយ៉ូតាព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AI-9144 បើកបរដោយស្រ្តី២នាក់ ធ្វើដំណើរពីកើតទៅលិច។ ចំណែកម៉ូតូរ៉ឺម៉កសណ្តោង របួសជនរងគ្រោះម៉ាកវ៉េវ ពណ៌ក្រហម គ្មានផ្លាកលេខ បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើត (រងរបួស)។
ដំណើររឿង៖ មុនកើតហេតុ គេឃើញរ៉ឺម៉កសណ្តោង ធ្វើដំណើរពីលិចទៅកើត ក្នុងល្បឿនមធ្យម។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញរថយន្តខាងលើ បើកបរដោយស្រ្តី២នាក់ មានទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន បានមកបុករ៉ឺម៉កសណ្តោងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះផ្លោងបោកទៅលើថ្នល់ របួសធ្ងន់សន្លប់ស្ដូកតែម្ដង ចំណែករ៉ឺម៉កសណ្តោងវិញ ដាច់កង់ខ្ទេចរងការខូចខាត។
ក្រោយកើតហេតុ សមត្ថកិច្ច បានមកដល់ធ្វើការវាស់វែង យករថយន្ត និងម៉ូតូសណ្ដោងរ៉ឺម៉ក ទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយពេលក្រោយ។ រីឯជនរងគ្រោះ ត្រូវបានបញ្ជូនទៅសគ្រោះនៅមន្ទីពេទ្យ៕
មតិយោបល់