ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ប្រើសារធាតុញៀនលើសកម្រិត រត់ចូលទៅក្នុងផ្ទះសំណាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ កាលពីវេលាម៉ោង ៣និង១៥នាទីទៀបភ្លឺឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវលេខ១១១ កែងនិងផ្លូវ១៨២ ត្រង់ចំណុចផ្ទះសំណាក់សេវេន អេចឌី សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ មានករណីបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ដោះអាវ មើលទៅសភាពដូចមនុស្ស ប្រើប្រាស់សារធាតុញៀនលើសកម្រិត មិនដឹងថាមកពីណា រត់សំដៅចូលក្នុងផ្ទះសំណាក់រួចសង្ងំក្នុងបន្ទប់
ត្រូវបានសមត្ថកិច្ចជំនាញធ្វើការឃាត់ខ្លួននឹងចាប់វាយខ្នោះ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុខាងលើនេះគឺជនសង្ស័យម្នាក់មានឈ្មោះ គង់ សុភ័ក្រ វ័យអាយុប្រហែលជា ៣០ឆ្នាំជាង ដោះអាវមិនដឹងថាមកពីណានោះទេបានជារត់ចូលផ្ទះសំណាក់រហូតឡើងទៅជាន់ទី៣ ទៅសង្ងំនៅក្នុងបន្ទប់គេអស់រយៈពេលជិះមួយម៉ោង ទើបខាងម្ចាស់ផ្ទះសំណាក់ តេទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍បឹងព្រលឹត ឲ្យចុះមកជួយអន្តរាគមន៍ដោយនៅក្នុងបន្ទប់ខាងលើនេះ គឺមានយុវជនស្រីប្រុសចំនួន ២នាក់កំពុងតែដេក ស្រាប់តែជនសង្ស័យសម្រុកចូលក្នុងបន្ទប់គេហេតុការណ៍ខាងលើនេះ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានភ្លាមៗ ហើយសភាពជនសង្ស័យគឺដូចមនុស្សប្រើសារធាតុញៀនលើសកម្រិត ប៉ុន្តែសំណាងល្អហើយដែលមិនបង្កឲ្យអ្នកណាម្នាក់រងរបួសនោះទេ គ្រាន់តែ
ធ្វើឲ្យអ្នកស្នាក់នៅផ្ទះសំណាក់ភ័យស្លន់ស្លោតែប៉ុណ្ណោះ ហើយជនសង្ស័យក៏មិនទាន់បានធ្វើសកម្មភាពលួចរបស់អ្នកណានោះដែរ។

ក្រោយពេលកើតហេតុខាងលើនេះជនសង្ស័យត្រូវបាន សមត្ថកិច្ចធ្វើការឃុំខ្លួនជាបណ្តោះនៅប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងព្រលឹត ដើម្បីចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់