កណ្ដាលៈ ប្តីប្រពន្ធមួយគូទើបនិងបង់រំលស់ម៉ូតូធំស៊េរីថ្មី១គ្រឿង ជិះទើបតែបាន ១០ថ្ងៃក៏ត្រូវជនសង្ស័យ ២នាក់ ធ្វើសកម្មភាពលួចកាច់ក យកទៅបាត់ស្រមោលដោយសុវត្ថិភាព ម្ចាស់បានត្រឹមតែទៅដាក់ពាក្យបណ្ដឹង និងតាមស្វែងរកម៉ូតូទាំងទឹកភ្នែក។ កាលពីវេលាម៉ោង ៤និង៤០នាទីទៀបភ្លឺថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅមុខបន្ទប់ជួលនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ស៊ូ លី ជាប្រពន្ធនិងឈ្មោះ សៀវ ម៉េង ជាប្តីមុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាលបានប្រាប់ឲ្យដឹងថា ម៉ូតូដែលពួកគាត់បាត់ដោយសារ ជនសង្ស័យលួចកាច់កយកទៅនោះម៉ាក yamahaMT15 ពណ៌ខ្មៅ ស៊េរីឆ្នាំ2020 ពាក់ផ្លាកលេខ ភ្នំពេញ 1IJ-5606 ដែលពួកគាត់ទើបបង់រំលស់បាន ១០ថ្ងៃប៉ុណ្ណោះ។ ហើយម៉ូតូនោះបើទិញបង់ផ្ដាច់តម្លៃលក់ ៣,៦០០០ដុល្លារ តែដោយសារតែចិត្តស្រលាញ់ និងមានថវិការមិនគ្រប់គ្រាន់ពួកគាត់ក៏សម្រេចចិត្ត ជ្រើសរើសយកសេវាបង់រំលស់រយៈពេល ៣ឆ្នាំ បើគិតទាំងការប្រាក់ និងដើមតម្លៃជាង ៥,០០០ដុល្លារ។
ប្រភពដដែលបានបន្តទៀតថា នៅថ្ងៃកើតហេតុគឺរូបគាត់បានចតម៉ូតូ មុខបន្ទប់ជួលដូចរាល់ដងហើយនៅម៉ោង ៧និង៣០នាទីព្រឹក ពេលដែលពួកគាត់ភ្ញាក់ពីគេងវិញ ទើបដឹងថាបាត់ម៉ូតូក៏ភ្ញាក់ផ្អើលភ័យស្លន់ស្លោរត់ទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលសង្កាត់ដើមមៀន ឲ្យជួយអន្តរាគមន៍ ភ្លាមៗនោះដែលគាត់បានសុំឆែកកាំមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុទើបដឹងថា ម៉ូតូរបស់គាត់ត្រូវជនសង្ស័យលួចយកទៅបាត់តាំងពី ៤និង៣០ទៀបភ្លឺមកម្ល៉េះ។ ហើយគាត់ក៏បានរាយការណ៍ទៅប្រាប់ខាងក្រុមហ៊ុនបង់រំលស់ឲ្យឆែកប្រព័ន្ធGPS ទើបលោតសញ្ញាម៉ូតូនៅចំណុចផ្លូវ១០៥ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បន្ទាប់ពីទទួលពាក្យបណ្ដឹងសមត្ថកិច្ចនគរបាលសង្កាត់ដើមមៀន ក្រុងតាខ្មៅ បានជូនជនរងគ្រោះមកដល់ចំណុចទីតាំងដែល GPS លោតសញ្ញាប្រាប់នៅម្តុំផ្លូវ១០៥ សង្កាត់ទួលសង្កែ១ និងសហការជាមួយសមត្ថកិច្ចមូលដ្ឋាន ជួយស្វែងរកម៉ូតូជនរងគ្រោះតាំងពីម៉ោង ៩ព្រឹករហូតដល់ថ្ងៃត្រង់តែមិនឃើញក៏បានប្រាប់ជនរងគ្រោះឲ្យត្រលប់ទៅវិញសិន ព្រោះប្រព័ន្ធGPSលោតមិនច្បាស់រង់ចាំសង្កេតមើលសារជាថ្មី បើប្រែប្រួលនិងមានចលនាអ្វីគាត់និងត្រលប់មកសារជាថ្មី៕
មតិយោបល់