ព័ត៌មានជាតិ

សមត្ថកិច្ច ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ជំនាញលួចគោប្រជាពលរដ្ឋ

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោម ចាប់ឃាត់ខ្លួន ក្នុងចំណោមបក្ខពួក៣នាក់ ខណ:ដែលជនសង្ស័យរូបនេះ កំពុងដឹកមេគោមួយក្បាល ដើរកាត់ក្នុងភូមិចម្ការត្បែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ។

ជនសង្ស័យឈ្មោះ ជ្រុន ភ័ស្ត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុង ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិតាស្មន់ ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ចំណែកជនរងគ្រោះឈ្មោះ ក្តាត លឹម ភេទស្រី អាយុ៥៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល ។

ដកហូតបានមេគោមួយក្បាល សម្បុរស ។

តាមនគរបាល បានឲ្យដឹងថា ខណ:ដែលកម្លាំងរបស់ប៉ុស្តិ៍ល្បាតក្នុងមូលដ្ឋាន ប្រទះជួបជនសង្ស័យនោះ គឺឃើញកំពុងដឹកមេគោដើរតាមផ្លូវ ក្នុងភូមិចម្ការត្បែង ហើយដោយមានការសង្ស័យ ក៏ឃាត់សួរនាំ ទើបដឹងថា ជាករណីលួចមេគោ។

បើតាមសម្តីជនសង្ស័យ បានឆ្លើយសារភាព ពួកគេមានគ្នា៣នាក់ ម្នាក់ចូលទៅដឹកមេគោខាងលើ ម្នាក់ទៀត បានបណ្ដើរមេគោមកដល់ក្លោងទ្វារវត្តភ្នៀត កែងហាវិថីឈ្នះ ឈ្នះ ទើបរូបគេដឹកគោវិញម្តង កាត់តាមភូមិចម្ការត្បែង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតែម្តង ។

ជនសង្ស័យ បន្ទាប់ពីនគរបាលប៉ុស្តិ៍សំរោងក្រោមឃាត់ខ្លួនបាន សាកសួររឿងហេតុកើតឡើង នៅឯខណ្ឌកំបូល ទើបប្រគល់ជនសង្ស័យ ទៅនគរបាលប៉ុស្តិ៍កំបូល ខណ្ឌកំបូល ដើម្បីសាកសួរកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ចំណែកមេគោ នគរបាលប្រគល់ជូនម្ចាស់ដើមវិញ៕

មតិយោបល់