ព័ត៌មានជាតិ

សាហាវណាស់! ក្មេងស្ទាវជាង ២០នាក់ ជិះម៉ូតូដេញកាប់គ្នាលើខ្នងប្រឡាយ បណ្ដាលឲ្យរបួសធ្ងន់ស្រាល ៣នាក់ នៅស្រុកបាកាន

ពោធិ៍សាត់: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្មេងស្ទាវពីរក្រុមមានគ្នាជាង ២០នាក់ ជិះម៉ូតូចេញកាប់យ៉ាងអនាធិបតេយ្យ ធ្វើឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកបាកាន និងពេទ្យឯកជន ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១៥និង៤០នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំណុចត្រង់ខ្នងប្រឡាយខាងលិចទ្វារទឹកទី៨ ចម្ងាយ១០០ម៉ែត្រពីភូមិខ្វាវ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ក្មេង២ក្រុម ដេញកាប់គ្នា ៖ ក្រុមទី០១ក្មេង មកពីខាងរំលេចមានគ្នាប្រហែល ១០នាក់ ។ ក្រុមទី២មកពីឃុំខ្នារទទឹង នឹងឃុំតាលោ មានគ្នា១២នាក់ បានណាត់កាប់គ្នា ធ្វើឲ្យក្មេងខាងក្រុមទី១ រងរបួសធ្ងន់ចំនួន០៣ នាក់គឺ៖
១.ឈ្មោះ ខេង បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅក្នុង ភូមិដំណាក់ត្រាច ឃុំរំលេចរបួសចំក្បាលពីលើចំនួន០១កាំបិត(របួសធ្ងន់) ។
២.ឈ្មោះ សា រឹមគីរី ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅក្នុង ភូមិរំលេច ឃុំរំលេច ចំក្បាលពីមុខចំនួន០១កាំបិត (របួសធ្ងន់) ។
៣.ឈ្មោះ ធីម ធីបុត្ត ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិដំណាក់ត្រាច ឃុំរំលេច ចំកំភួនដៃខាងស្តាំ(របួសស្រាល)។
អ្នកទាំង៣កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ និងឯកជន ។

រីឯក្រុមទី២មានគ្នាប្រហែល១២នាក់ជិះម៉ូតូប្រហែល ០៧គ្រឿង ក្នុងនោះគេ ស្គាល់ឈ្មោះ០៣នាក់គឺ៖
១. ឈ្មោះ លិ ភេទប្រុស រស់នៅភូមិកោះក្របី ឃុំខ្នារទទឹង ។
២. ឈ្មោះ យ៉ត ភេទប្រុស រស់នៅភូមិរហាទិល ឃុំតាលោ ។
៣. ឈ្មោះ រ៉ូ ភេទប្រុស នៅឃុំតាលោ ។

ក្រោយពេលធ្វើសកម្មភាពរួចពួកគេជិះម៉ូតូរត់គេចខ្លួនអស់ ដោយបន្សល់ទុកម៉ូតូ០១គ្រឿងធុន សេ125ពណ៌ ខ្មៅ ស៊េរី២០១៨ ពាក់ផ្លាកលេខពោធិ៍សាត់ 1I- 8791 និងទូរស័ព្ទ០១គ្រឿងម៉ាកហូវៃ ពណ៌ទឹកប្រាក់ នៅក្នុងកែបម៉ូតូ ។

បច្ចុប្បន្ននគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាល កំពុងធ្វើការស្វែងរកជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកាន ចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់