ព័ត៌មានជាតិ

គំនុំពេលផឹកស៊ី បង្កជាឃាតកម្មប្អូនថ្លៃ សម្លាប់បងថ្លៃ រួចអូសសពទៅកប់ក្នុងរោងផ្ទះបាយ រហូតសាយភាយក្លិនស្អុយទើបដឹង

ពោធិ៍សាត់ៈ លោកវរសេនីយ៍ទោ នួន សក្ដិចំរើន បានដឹកនាំកម្លាំងផ្នែកព្រហ្មទណ្ឌ ទៅសហការជាមួយផែននគរព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចាប់ជនសស្ស័យវាយសម្លាប់បងថ្លៃរបស់ខ្លួន នៅក្នុងក្រុងសៀមរាប កាលពីឆ្នាំ២០១៩ កន្លងទៅ ហើយបានគេចទៅលាក់ខ្លួនសម្ងំ នៅឯខេត្តពោធិ៍សាត់ តែចាប់ខ្លួនបានហើយ។

ដំណើររឿង៖ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ មានប្រជាពលរដ្ឋឈ្មោះ សុគុណ វីឡា ភេទស្រី អាយុ ៣៩ឆ្នាំ រស់នៅភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប បានមករាយការណ៍ដល់សមត្ថកិច្ចថា ខ្លួនបានបាត់ប្តីឈ្មោះ ញ៉ាង វណ្ណនី ភេទប្រុស អាយុ ៤៣ឆ្នាំ ចាប់តាំងពីកំឡុងខែឧសភា ឆ្នាំ២០១៩មកម្លេះ ដោយមិនដឹងជាទៅទីណានោះទេ ក្រោយពីទទួលសេចក្តីរាយការណ៍កម្លាំងចំណុះ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ក៏បានជួយស្រាវជ្រាវ និងប្រកាសស្វែងរក ។

លុះដល់នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៣និង០០នាទីក៏មានសេចក្តីរាយការណ៍ពីលោកនាយប៉ុស្តិ៍សង្កាត់សំបួរថា នៅភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប មានពំនូកដីមួយ មានធុំក្លិនស្អុយចេញពីពំនូកដីនៅរោងផ្ទះបាយ ខាងក្រោយផ្ទះឈ្មោះ ញ៉ាង់ វណ្ណនី ក្រោយពីទទួលសេចក្តីរាយការណ៍ លោកវរសេនីយ៍ទោ នួន ស័ក្តិចំរើនរិទ្ធ អធិការរងទទួលបន្ទុកផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានដឹកនាំកម្លាំង ចុះដល់កន្លែងកើតហេតុ នឹងបានជីកគាស់កន្លែងមានក្លិនស្អុយឡើង ទើបដឹងថាជាសាកសពរបស់មនុស្ស ។

ក្រោយពេលធ្វើកោសល្យវិច័យ ទើបសមត្ថកិច្ចដឹងថា កន្លែងដែលមានក្លិនស្អុយកប់ក្នុងដីនោះ ជាសាកសពមនុស្សស្លាប់ ដោយអំពើឃាតកម្ម ដែល ជនរងគ្រោះឈ្មោះ ញ៉ាង វណ្ណនី ភេទប្រុស អាយុ ៤៣ឆ្នាំ ជាប្តីរបស់ឈ្មោះ សុគុណ វីឡា ដែលបានបាត់ខ្លួនក្នុងកំឡុងខែឧសភា ឆ្នាំ២០១៩ កន្លងទៅ ។ បន្ទាប់ពីពិនិត្យសពរួចរាល់ហើយ ក៏បានធ្វើការប្រគល់សព ជូនគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី និងបានបើកការស្រាវជ្រាវ នឹងបំភ្លឺសាក្សីនៅជុំវិញកន្លែងកើតហេតុ។

បន្ទាប់ពីបានធ្វើការស្រាវជ្រាវ នឹងបំភ្លឺសាក្សីនៅជុំវិញកន្លែងកើតហេតុ កម្លាំងនគរបាលផ្នែកយុត្តិធម៌ក្រុងសៀមរាប បានធ្វើការកំណត់មុខសញ្ញា ជនសង្ស័យដែលប្រព្រឹត្តអំពើដ៏ព្រៃផ្សៃនេះបាន គឺមានឈ្មោះ សុគុណ ច័ន្ទតារា ភេទប្រុស អាយុ ៣២ឆ្នាំ ដែលត្រូវជាប្អូនបង្កើតរបស់ឈ្មោះ សុគុណ វីឡា នឹងត្រូវជាប្អូនថ្លៃជនរងគ្រោះ ដែលបានគេចខ្លួនមុនពេលសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ។

បន្ទាប់មកកម្លាំងនគរបាលផ្នែកយុត្តិធម៌ក្រុងសៀមរាប បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ រហូតដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ លោក ជូ លឹមហ៊ាង ជាចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បានចេញដីកាលេខ៤៨៣ន.ខ.ស/ឈ បង្គាប់ឲ្យនាំខ្លួន ជនសង្ស័យមកផ្តន្ទាទោសតាមផ្លូវច្បាប់។

ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពី សំណាក់ លោកស្នងការ និងលោក ភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នង ការដ្ឋាននគរបាល ខេត្តសៀមរាប ក៏ដូចជាលោកវរសេនីយ៍ឯក ណុបសារ៉ាក់ អធិការនគរបាលក្រុងសៀមរាប នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីបានធ្វើការកំណត់ទីតាំងរបស់ជនសង្ស័យខាងលើ សំងំលាក់ខ្លួនហើយនោះ លោកវរសេនីយ៍ទោ នួន ស័ក្តិចំរើន រិទ្ធ បានដឹកនាំកម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ម៉ូ លីដា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ នៅក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នឹងយកមកស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីធ្វើការសួរនាំ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយសម្លាប់ជនរងគ្រោះឈ្មោះ ញ៉ាង វណ្ណនី នឹងចបកាប់ ចំលលាដ៍ក្បាល ចំនួន០២ដង នឹងវាយត្រូវដៃបណ្តាលឲ្យបាក់ចំនួន០១ដង រួចអូសយកសពទៅកប់នៅខាងក្រោយផ្ទះពិតមែន។

មូលហេតុ៖ មានទំនាស់ពេលផឹកស៊ីបណ្តាលឲ្យក្លាយជាគំនុំ រហូតឈានដល់ហ៊ានវាយសម្លាប់ជនរងគ្រោះ ។

ជនសង្ស័យត្រូវបាននគរបាលក្រុងសៀមរាប នាំខ្លួនមកក្រុងសៀមរាបវិញ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០នេះ ហើយនាំទៅកន្លែងកើតហេតុ និងបានធ្វើការហូតវត្ថុតាង បានមួយចំនួនរួចបញ្ជូនទៅតុលាការ នៅថ្ងៃខែឆ្នាំដដែលនេះ និងត្រូវបានតុលាការសម្រេចឃុំខ្លួនតាមដីកាលេខ១០៦៦/២០២០ហើយផងដែរ៕

មតិយោបល់