ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីកាត់សោផ្ទះពលរដ្ឋលួចទ្រព្យសម្បត្តិ

បាត់ដំបង: ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពីលោក អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ ប៉ូវ វណ្ណឌី ស្នងការរង ជំនួយការការងារព្រហ្មទណ្ឌ និង មានការសម្របសម្រួលទៅលើនីតិវិធីពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាបសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះប្រត្តិបត្តិការបង្ក្រាបករណីអំពើលួច (យកម៉ូតូ នឹង ទ្រព្យសម្បត្តិ ) ១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យចំនួន ៣នាក់

១/ឈ្មោះ លី រ៉នី ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅមិនពិតប្រាកដ។
២/ឈ្មោះ សុវណ្ណ តុលា ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅ ភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។
៣/ឈ្មោះ វឿត សូរិយា ហៅ តូយ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។

ជនសង្ស័យខាងលើបានធ្វើសកម្មភាព លួចយកម៉ូតូរបស់ជនរងគ្រោះឈ្មោះ បេង ចាន់ទី ភេទស្រី អាយុ ២០ឆ្នាំ មានទីលំនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ។

ចំណែកជនសង្ស័យឈ្មោះ លី រ៉នី បានធ្វើសកម្មភាពកាត់សោទ្វារផ្ទះ ចូលយកទ្រព្យសម្បត្តិ (គ្រែ) តែម្នាក់ឯង ដែលជារបស់ជនរងគ្រោះឈ្មោះ ហែ រតន: ភេទប្រុស អាយុ ៣០ឆ្នាំ នៅចំណុចភូមិរំចេក១ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

វត្ថុតាងដកហូតរួមមាន៖
-ម៉ូតូម៉ាក ហុងដា ស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០២០ លេខតួ 8158831 លេខម៉ាស៊ីន 8158831 ពាក់ផ្លាកលេខ បាត់ដំបង 1AH-7255 (ជាម៉ូតូរបស់ជនរងគ្រោះ)
– គ្រែចំនួន ០២
– តុបេងចំនួន ០១ ។

បច្ចុប្បន្នការិយាល័យជំនាញ កំពុងតែធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់