ព័ត៌មានជាតិ

ស្លាប់២នាក់ និងរបួសធ្ងន់៥នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តតាកែវ!

តាកែវ: យ៉ាងហោចណាស់មានមនុស្ស២នាក់បានស្លាប់ និង៥នាក់ទៀតរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងករណីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ចំនួន៣ករណីផ្សេងគ្នា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ ។

ករណីទី១ កើតឡើងនៅវេលាម៉ោង១និង៣៥នាទីរសៀល នៅលើផ្លូវខេត្តលេខ១២២អា ស្ថិតក្នុងភូមិត្រពាំងឬស្សី ឃុំសូភី ស្រុកបាទី ខេត្តតាកែវ រវាងម៉ូតូ និងម៉ូតូ មានទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យស្លាប់ម្នាក់ជាមនុស្សប្រុស និងរបួសធ្ងន់ម្នាក់ជាមនុស្សប្រុស។

ករណីទី២ កើតឡើងនៅវេលាម៉ោង៤ និង២០នាទី នៅលើផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩៩-១០០ ស្ថិតក្នុងភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ រវាងរថយន្ត និងម៉ូតូ មានទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់២នាក់ ជាមនុស្សប្រុស រីឯអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។

ករណីទី៣ កើតឡើងនៅវេលាម៉ោង៤និង៣០ នាទី នៅលើផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៣-៤៤ ស្ថិតក្នុងភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ រវាងម៉ូតូ និងម៉ូតូ មានទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យអ្នកបើកបរស្លាប់ម្នាក់ពេលបញ្ជូនទៅមន្ទីរពេទ្យ និងរងរបួសធ្ងន់២នាក់។

ក្រោយពេលកើតហេតុ កម្លាំងជំនាញចុះដល់កន្លែងកើតហេតុ ចាត់បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ធ្វើកំណត់ហេតុដកហូតវត្ថុតាងពាក់ព័ន្ធមករក្សាទុកនៅអធិការដ្ឋានស្រុក រង់ចាំការដោះស្រាយពេលក្រោយតាមច្បាប់។ រីឯសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់