ភ្នំពេញៈ លោក ងី មានហេង ត្រូវបានប្រកាសតែងតាំង ជាប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញជំនួស លោកសុខ សុគន្ធដែលត្រូវបានសម្តេចតេជោហ៊ុន សែន ដកចេញ ដោយសារតែមានបញ្ហាមួយចំនួន ជាមួយវិទ្យុABC នាពេលកន្លងមក។
ពិធីប្រកាសនេះ ត្រូវបានធ្វើឡើង នៅម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី៣១សីហានេះ ក្រោមអធិបតីភាព លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិង លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ រួមជាមួយមន្ត្រី កងកម្លាំងប្រដាប់អាវុធ ចំណុះឲ្យរដ្ឋបាលរាជធានីប្រមាណជាង៣០០នាក់។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦កន្លងមកនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចដកតំណែង ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ លោក សុខ សុគន្ធ ក្រោយពីប្រធាន មន្ទីរសុខាភិបាលរូបនេះ បានដកហូតរថយន្ត សង្រ្គោះបន្ទាន់របស់វិទ្យុ ABC ដែលប្រើប្រាស់សម្រាប់ ដឹកជញ្ជូនជនរងគ្រោះផង និងដឹកផលិតផល របស់ ABCផង ខណៈដែលវិស័យ សុខាភិបាល រងការរិះគន់ពីភាព កម្សាយ ឬយឺតយ៉ាវ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន បានសម្រេចឧបត្ថម្ភ រថយន្តចំនួន៣គ្រឿង ជូនដល់វិទ្យុ ABC ដើម្បីឲ្យទុកសម្រាប់ ប្រើប្រាស់ក្នុងន័យសប្បុរសធម៌ ហើយជាមួយគ្នានេះ សម្តេចបានបង្គាប់ឲ្យ សាលារាជធានីភ្នំពេញ រៀបចំ បំពាក់ស្លាកលេខ សម្រាប់រថយន្តទាំងនោះផងដែរ។
លោក សុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ ដែលត្រូវបានដកចេញពី តំណែងនោះ ក៏ត្រូវបាន ប្រមុខរាជរដ្ឋាភិបាល សម្រេចតែងតាំង ជាអគ្គនាយករងបច្ចេកទេស សុខាភិបាល នៃក្រសួងសុខាភិបាល ហើយចុងក្រោយនេះ តាមប្រភពព័ត៌មាន លោក សុខ សុគន្ធ ត្រូវបានប្រមុខរដ្ឋាភិបាល អនុគ្រោះ ដោយឲ្យតួនាទី ជាប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ ដដែរ ដើម្បីមានឱកាស កែខ្លួនឲ្យបានល្អប្រសើរ ៕
មតិយោបល់