ព័ត៌មានជាតិ

ស្រ្តីជំនាញទម្លាក់យោងម្នាក់ ត្រូវជនរងគ្រោះចាប់ឲ្យសមត្ថកិច្ចបន្ទាប់ពីល្បួងដោះគ្រឿងអលង្ការ បានសម្រេច ២លើកផ្ទួន នៅសង្កាត់ចោមចៅទី១

ភ្នំពេញ: ស្ត្រីសង្ស័យម្នាក់ត្រូវបានចាប់ខ្លួនចូលប៉ុស្តិ៍នគរបាល ចំណែកបក្ខពួក ៣នាក់ទៀត បានគេចខ្លួនបាត់ បន្ទាប់ពីក្រុមជនសង្ស័យធ្វើសកម្មភាពប្រើល្បិចចាស់ ទម្លាក់យោង បញ្ឆោតល្បួងយកគ្រឿងអលង្ការបានចំនួន ២លើកផ្សេងគ្នាផ្ទួនៗ គាប់ជួនជនរងគ្រោះចុងក្រោយដឹងខ្លួន ស្រែកឆោឡោ ផ្អើលដេញចាប់បានម្នាក់ កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នៅដីវាលក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យចាប់ខ្លួនបានម្នាក់ មានឈ្មោះ ឌឿន ផល្លីន ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរ ជំនាញខាងទម្លាក់យោង ស្នាក់នៅផ្ទះជួលភូមិឈូកវ៉ា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ មានស្រុកកំណើតភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

ចំណែករងគ្រោះ២នាក់ ទី១ ឈ្មោះ សេក ចាន់ថន ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរកម្មការនីរោងចក្រ មានប្តីឈ្មោះ គៀត ភឿន អាយុ ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើតភូមិស៊ីការ ឃុំស្វាយយា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។ សម្ភារ:បាត់បង់ អស់កងដៃ១ឈុត (៣០០ដុល្លារ) ខ្សែមាស ៣ជី ។
ជនរងគ្រោះទី២ ឈ្មោះ ឌឿន លេខ ភេទស្រី អាយុ ២១ឆ្នាំ មុខរបរ មេផ្ទះ មានប្តីឈ្មោះ ឆាន់ ណារ៉ូ អាយុ ២៨ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិទួលស្រី ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
សម្ភារ:បាត់បង់ ខ្សែក ចិញ្ចៀនប្លាទីន លុយកាក់ សរុបជាង៥០០ដុល្លារ ។

តាមសម្តីជនរងគ្រោះទី១ បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២៤ ម្សិលមិញ គ្រាដែលចេញពីធ្វើការរោងចក្រ ត្រូវបានជនសង្ស័យ(ស្រី)ខាងលើ និងបក្ខពួក ៣នាក់ទៀត ប្រើល្បិចទម្លាក់យោង នាំទៅដោះគ្រឿងអលង្ការ នៅក្នុងភូមិទួលពង្រ បានឲ្យមកវិញខ្សែកក្រឡៃ។ រីឯជនរងគ្រោះទី២ បានឲ្យដឹងថា នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៥ ខែសីហា នេះ គ្រាដែលដើរទៅរកទិញម្ហូបនៅមុខផ្ទះឡ ផ្លូវចោមចៅ ជនសង្ស័យនិងបក្ខពួកប្រើល្បិចធ្វើជាជ្រុះកាបូបលុយ មាស ហើយល្បួងនាំទៅដីវាលក្នុងទួលពង្រ ដោះយកគ្រឿងអល័ង្កា លុយកាក់ អស់ពីខ្លួនរលីង បានមកវិញខ្សែកក្រឡៃ ដឹងខ្លួនភ្លាមៗ ពិតជាចាញ់បោកគេហើយ ស្រែកឆោឡោ ពលរដ្ឋឃើញជួយដេញចាប់បានស្ត្រីសង្ស័យម្នាក់ ៣នាក់ទៀតក្នុងនោះប្រុស២នាក់ បានយកទ្រព្យសម្បត្តិគេចខ្លួនបាត់ ។

ជនសង្ស័យក្រោយចាប់ខ្លួនបាន នាំចូលប៉ុស្តិ៍ លុះដឹងដល់ជនរងគ្រោះទី១ មកមើលទើបដឹងថាជនសង្ស័យមុខដដែល រួចរួមគ្នាដាក់ពាក្យបណ្តឹងទាំង២នាក់ ស្នើសុំឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ៕

មតិយោបល់