កណ្តាលៈ ហេតុការណ៍គួរឲ្យតក់ស្លុតមួយបានកើតឡើង បន្ទាប់ពីមានការប្រទះឃើញសាកសពក្មេងស្រីអាយុ៧ឆ្នាំម្នាក់ បានស្លាប់នៅក្នុងស្រះទឹកមណ្ឌលយោធិនពិការ៣១៧ ដោយមានស្លាកស្នាមជាប់ខ្លួនគួរឲ្យរន្ធត់យ៉ាងខ្លាំង ផ្អើលដល់សមត្ថកិច្ចចុះមកធ្វើការពិនិត្យដល់កន្លែងកើតហេតុតែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្រះទឹកមណ្ឌលយោធិនពិការ៣១៧ ក្នុងភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ខាងលើនេះ មានឈ្មោះ គង់ សំណាង (ហៅ ធីតា) ភេទស្រី អាយុ៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិទួលដូងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានរបួសស្នាមជាំកផ្នែកខាងមុខនិងប្រដាប់ភេទមានស្នាមដាច់រលាត់មានឈាម ហើយក្មេងខាងលើនេះមានឪពុកឈ្មោះ ផុន សុភក្ត្រា អាយុ៣៥ឆ្នាំ មុខរបរកសិករ និងម្តាយឈ្មោះ សី សឿន អាយុ៣១ឆ្នាំ មុខរបរកសិករស្នាក់នៅភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
យោងតាមការឲ្យដឹង គឺនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៧និង៣០នាទីយប់ ប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរបានទទួលពាក្យបណ្តឹងពីឪពុកជនរងគ្រោះថាបានបាត់កូនស្រី បន្ទាប់មកកម្លាំងប៉ុស្តិ៍សហការជាមួយផ្នែកជំនាញបានចុះជួយស្រាវជ្រាវរកតែរកមិនឃើញ។ លុះដល់ម៉ោង៧និង៣០នាទី ថ្ងៃទី២ ខែសីហា ២០១៧ មានប្រជាពលរដ្ឋបានឃើញជនរងគ្រោះស្លាប់នៅចំណុចកើតហេតុខាងលើ ទើបប្រញាប់រាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរតែម្តង។
ក្រោយទទួលបានព័ត៌មាននេះរួចមក កម្លាំងផ្នែកជំនាញបានសហការជាមួយកម្លាំងចម្រុះ រួមនិងកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល អង្គភាពការពារកុមារCPU អាជ្ញាធរមូលដ្ឋាន គ្រូពេទ្យប្រចាំឃុំ និងឪពុកម្តាយជនរងគ្រោះ បានចុះពិនិត្យសាកសពឃើញមានស្លាកស្នាមដូចបានរៀបរាប់ខាងលើ ។ ដូច្នេះការសន្និដ្ឋានគឺ ជនរងគ្រោះត្រូវជនសង្ស័យរំលោភរួចសម្លាប់។
បច្ចុប្បន្នសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ចំណែកឯជនសង្ស័យជាឃាតក សមត្ថកិច្ចក៏កំពុងតែធ្វើការស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទាទោសផងដែរ៕
មតិយោបល់