ភ្នំពេញៈ ម៉ូតូសណ្តោងរ៉ឺម៉ក លក់ខោអាវ មួយគ្រឿងទទួលរងខូចខាតខ្ទេច បាក់តួម៉ូតូជា ២កំណាត់ ចំណែកមនុស្ស៣នាក់ប្តី-ប្រពន្ធ កូន ជួបសំណាងល្អពុំមានរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ បង្កឡើងដោយរថយន្តដឹកឥដ្ឋដាច់ហ្វ្រាំង ជ្រុលទៅបុករុញម៉ូតូសណ្តោងរ៉ឺម៉ក ផ្ទប់ទៅនឹងគូទរថយន្តកុងតៃន័រ ដែលកំពុងឈប់រង់ចាំភ្លើងស្តុប កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី២៦ ខែសីហា ឆ្នាំ២០២០ នៅតាមមហាវិថីឈ្នះ ឈ្នះ ស្ថិតក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ម៉ូតូសណ្តោងរ៉ឺម៉ក ម៉ាកហុងដា វ៉េវអ៊ី ពណ៌ក្រហម គ្មានផ្លាកលេខ ដឹកខោអាវដើរលក់ បើកបរដោយឈ្មោះ សួង រិទ្ធ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរលក់ខោអាវតាមទីសាធារណៈ ស្នាក់នៅមិនពិតប្រាកដ យប់ដល់ត្រឹមណា សំចតស្នាក់នៅត្រង់នោះ រួមជាមួយប្រពន្ធនិងកូនតូចម្នាក់ មានទីលំនៅភូមិសំដី ឃុំធ្លក ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានបើកបរតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ពីជើងទៅត្បូង ដល់ចំណុចខាងលើ ក៏បានឈប់ភ្លើងស្តុប តែនៅពីក្រោយរថយន្តកុងតៃន័រ ស្របពេលនោះ ស្រាប់តែរថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3A-7750 ដឹកឥដ្ឋ បើកបរដោយឈ្មោះ ស៊ុន វុធ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅឡឥដ្ឋ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល បានបើកពីជើងទៅត្បូង ជ្រុលបុករុញ ម៉ូតូសណ្តោងរ៉ឺម៉ក ផ្ទប់នឹងកុងតៃន័រ បណ្តាលឲ្យខ្ទេចម៉ូតូ និងរថយន្តដឹកឥដ្ឋ រីឯរថយន្តកុងតៃន័រមិនខូចខាត បានបន្តដំណើរទៅបាត់ នៅសល់តែភាគីបង្កនិងរងគ្រោះ ។
ក្រោយកើតហេតុសមត្ថកិច្ចចុះទៅវាស់វែងរួច យកមធ្យោបាយទាំង២ទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយពេលក្រោយ ៕
មតិយោបល់