ព័ត៌មានជាតិ

Update៖ ជួយស៊ែររកសាច់ញាតិគាត់ផង! បុរសម្នាក់ស្លាប់នៅលើកង់បី សពយកទៅតម្កល់នៅវត្តគៀនឃ្លាំង

ភ្នំពេញ: បុរសម្នាក់ដែលវ័យប្រមាណជាង២០ឆ្នាំ បានដាច់ខ្យល់ស្លាប់ នៅលើកង់បី ខណ:ជិះទៅរកឡានជិះបន្តទៅខេត្តកំពង់ចាមដោយសង្ស័យថាខ្យល់គ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១និង៤០នាទីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦អា ចំណុចម្តុំបេនឡាន ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

បុរសខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ មានវ័យប្រមាណជាង២០ឆ្នាំ សម្បុរ ខ្មៅ ស្លៀកខោក្រណាត់ ពណ៌ខ្មៅ ជើងវែង និងពាក់អាវយឺតដៃវែង ពណ៌ប្រផេះ ពាក់ស្បែកជើងផ្ទាត់ពណ៌ដីឥដ្ឋ ។

តាមប្រភពព័ត៌មានពីម្ចាស់បង់បីឥណ្ឌា បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានដឹកបុរសរងគ្រោះខាងលើ ពីម្តុំច្រមុះជ្រូកស្ទឹងមានជ័យ ទៅម្តុំបេនឡានកន្លែងកើតហេតុ ដោយពេលនោះជនរងគ្រោះមានសភាពធម្មតា ខណ:ជិះមកដល់លើស្ពានជ្រោយចង្វា ស្រាប់តែជនរងគ្រោះប្រាប់ថាណែនទ្រូង ។

ប្រភពដដែលបានបន្តទៀតថាលុះជិះមកដល់ក្បែរចំណុចកើតហេតុ ស្រាប់តែជនរងគ្រោះ បាត់មាត់បាត់ក និងនិយាយមិនចេញ ពេលនោះ គាត់ជាតៃកុងកង់បីក៏ជួយធ្វើចលនា តែនៅមិនដឹងខ្លួនទៀត គាត់ក៏ទៅប្រាប់សមត្ថកិច្ចនៅក្បែរនោះ ពេលទៅដល់សមត្ថកិច្ចប្រាប់ថា ឱ្យទាក់ទងឡានពេទ្យ គាត់ក៏ខលហៅឡានពេទ្យឱ្យមកដឹកជនរងគ្រោះទៅសង្គ្រោះ តែពេលឡានពេទ្យ មកដល់ក្រុមសង្គ្រោះរបស់ឡាននោះ បានពិនិ្យបញ្ជាក់ថា បុរសរងគ្រោះស្លាប់បាត់ទហើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានមកដល់និងរាយការណ៍ប្រាប់ជំនាញ ឱ្យចុះពិនិត្យរួចសមត្ថកិច្ចជំនាញបានលើសពទៅពិនិត្យក្នុងវត្តកៀនឃ្លាំងដោយបញ្ជាក់ថា សពបុរសខាងលើ ស្លាប់ដោយសារគាំងបេះដូង។

សពត្រូវបានតម្កល់ទុកក្នុងវត្តកៀនឃ្លាំង រង់ចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់