ព័ត៌មានជាតិ

ស្រ្តីមេម៉ាយ និងកូនប្រុស ខំដឹកអេតចាយ យកទៅលក់ ត្រូវរថយន្តបុក បណ្តាលឲ្យរងរបួសទាំង២នាក់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តដឹកទឹកកកនិងម៉ូតូសណ្តោងរ៉ឺម៉កអេតចាយ បណ្តាលឲ្យរងរបួស២នាក់ ម្តាយកូន បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ ១និង១០នាទីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម្តាយនិងកូនប្រុសម្នាក់ កំពុងបើកម៉ូតូសណ្តោងរ៉ឺម៉កដឹកសំបកដបអេតចាយមួយគ្រឿង ធ្វើដំណើរទិសដៅពីកើតទៅលិច បំណងយកអេតចាយទៅលក់ តែមិនទាន់ទៅដល់ផង មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកូរ៉េដឹកទឹកកកមួយគ្រឿង ពាក់ផ្លាកលេខ 2AL 6910 បើកបរទិសដៅពីជើងទៅត្បូងបំណងបត់ឆ្វេង មកដល់ចំណុចកើតហេតុ ស្រាប់តែបុកម៉ូតូសណ្តោងរ៉ឺម៉កតែម្តង បណ្តាលឲ្យម្តាយនិងកូនរងរបួសទាំង២នាក់ និងម៉ូតូខូចខាតមួយកំណាត់មុខ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែង និងឲ្យភាគីទាំងសងខាង ដោះស្រាយគ្នាបណ្តោះអាសន្នសិន បើមិនត្រូវនិងប្រគល់ឲ្យជំនាញយកទៅដោះស្រាយបន្ត ៕

មតិយោបល់