ព័ត៌មានជាតិ

Update៖ ករណីឃាតកម្មដ៏សាហាវ! ភ្លើងប្រចណ្ឌ ប្រពន្ធ បើកទ្វារចូលបន្ទប់ ឃើញហើយស្ទើរគាំងបេះដូង «ប្ដីសម្លាប់កូនផ្ដាច់ពូជ រួចចង.កបញ្ចប់ជីវិតខ្លួនឯងតាមក្រោយ»

ភ្នំពេញ: កាលពីវេលាម៉ោង ៨ និង១០នាទីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងបន្ទប់ជួលគ្មានលេខ ភូមិឧកញ៉ាវាំងផ្លូវ១១១៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីឃាតកម្មមួយ ដោយបុរសម្នាក់ បានច្របាច់.កសម្លាប់កូនស្រីទាំងបីរបស់ខ្លួន រួចយកក្រមាមកចង.កសម្លាប់ខ្លួនតាមក្រោយ ជាប់និងចម្រឹងដែកជាន់ឡៅតឿ។

សពបុរសដែលសម្លាប់កូនស្រីខ្លួនឯងនោះឈ្មោះ ជា សុខជុំ អាយុ៤០ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅបន្ទប់ជួលកើតហេតុ មានស្រុកកំណើតនៅខេត្តព្រៃវែង មានប្រពន្ធឈ្មោះ ឌឹម សុខនាថ អាយុ៣៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រលីអូ នៅទួលសង្កែ។

ចំណែកសពកូនស្រីទាំងបីនាក់៖ទី១ឈ្មោះ ជុំម៉េងជូ អាយុ១៦ឆ្នាំ ទី២ឈ្មោះ ជុំ ម៉េងចិន អាយុ៥ឆ្នាំ និងទី៣ឈ្មោះ ជុំ ម៉េងជៀន អាយុ៤ឆ្នាំ។

តាមប្រភពពីប្រពន្ធសព បានឲ្យដឹងថា មុនកើតហេតុ គាត់បានចេញពីធ្វើការ ត្រទ្បប់មកដល់បន្ទប់ជួលវិញ នៅវេលាម៉ោង ៨យប់។ នៅពេលបើកទ្វារចូលដល់ក្នុងផ្ទះ គាត់ស្ទើរតែគាំងបេះដូង ដោយសារតែឃើញប្តីរបស់គាត់ រួមទាំងកូនស្រីទាំង ៣នាក់ ជាទីស្រទ្បាញ់បានស្លាប់បាត់បង់ជីវិត។

ប្រភពដដែល បានបន្តថា គាត់ និងប្ដីបានសាងគ្រួសារ រស់នៅជាមួយគ្នា អស់រយ:ពេលជាង ២០ឆ្នាំមកហើយ ដោយមានចំណងដៃកូនស្រី ៣នាក់។ ហើយបានមកបន្ទប់ជួលកើតហេតុ ២បន្ទប់ជាប់គ្នា ស្នាក់នៅរយ:ពេលប្រហែល ៥ឆ្នាំ។ ដោយការរស់នៅជាមួយគ្នា រយ:ពេលចុងក្រោយនេះ ក្នុងគ្រួសារតែមានរឿងឈ្លោះប្រកែកគ្នាជាញឹកញាប់ ព្រោះប្ដីគាត់ប្រចណ្ឌ ហើយប្ដីគាត់ក៏ធ្លាប់គំរាមច្រើនច្រើនសារផងដែរថា (ប្រយ័ត្នអញសម្លាប់ចោលមួយពូជ)។

នៅថ្ងៃកើតហេតុគាត់ និងប្តីមិនបានឈ្លោះប្រកែកគ្នាទេ ដោយគាត់ទៅធ្វើការដូចសព្វដង លុះពេលត្រឡប់មកវិញ ស្រាប់តែជួបហេតុការណ៍ដ៏រន្ធត់បែបនេះ ធ្វើឲ្យគាត់តក់ស្លុតជាខ្លាំង៕

មតិយោបល់