ព័ត៌មានជាតិ

យីឌុបលឿនជ្រុលទៅបុកពីក្រោយរថយន្តកុងតៃន័រ កំពុងឈប់ចតខូចចិញ្ចើមផ្លូវ ខ្ទេចមុខខ្លួនឯង

ភ្នំពេញៈ រថយន្តបែនប្រភេទយីឌុបមួយគ្រឿង អ្នកបើកបរធ្វែសប្រហែស បោះពួយលឿនជ្រុលទៅបុកពីក្រោយរថយន្តកុងតៃន័រ ដែលកំពុងឈប់ចតខូចនៅចិញ្ចើមផ្លូវ បណ្តាលឲ្យរងខូចខាត រួញខ្ទេចមុខខ្លួនឯង តែពុំមានគ្រោះថ្នាក់ដល់មនុស្ស កាលពីវេលាម៉ោង ៦និង០០នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នៅលើកំណាត់មហាវិថីឈ្នះ ឈ្នះ ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តកុងតៃន័រ ម៉ាក FUSO ពណ៌បៃតង ពាក់ផ្លាកលេខ ព្រះសីហនុ 3A-2333 អូសសណ្តោងសឺមីរ៉ឺម៉ក ពាក់ផ្លាកលេខ ព្រះសីហនុ 4A-0002 ផ្ទុកទូកុងតៃន័រ ចតឈប់លើចិញ្ចើមផ្លូវ ពីត្បូងទៅជើង ដោយសាររថយន្តខូចផ្នែកម៉ាស៊ីន ហើយសមាជិករថយន្ត បានយកមែកឈើ ថង់ ចង ដាក់ជាសញ្ញា ទាំងមុខក្រោយ ស្រាប់តែនៅវេលាខាងលើ ក៏មានរថយន្ត ប្រភេទបែន យីឌុប ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3F-3486 បើកបរល្បឿនលឿន ពីត្បូងទៅជើង ដល់ចំណុចខាងលើ បំណងវ៉ាជែងពីខាងស្តាំរថយន្តមួយគ្រឿងផ្សេងទៀត ភ្លាត់ស្នៀត បើកមិនបានប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកពីក្រោយរថយន្តកុងតៃន័រ ដែលកំពុងខូច ចតឈប់ស្ងៀតនៅចិញ្ចើមផ្លូវទៅវិញ បណ្តាលឲ្យរថយន្តបែន រួញខ្ទេចមុខ រីឯរថយន្តកុងតៃន័រ គ្រាន់តែវៀចកោង កាងក្រោមតែប៉ុណ្ណោះ មិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ ចុះទៅពិនិត្យ ផ្តល់ឱកាសឲ្យភាគីរថយន្តសងខាងធ្វើការនិយាយសម្របសម្រួលគ្នា ដោយភាគីទាំង២សុទ្ធតែអ្នករកស៊ីរថយន្តដឹកដូចគ្នា ខាងរថយន្តបែនសុំថវិកាខ្លះ ពីខាងរថយន្តកុងតៃន័រ សម្រាប់ថ្លៃជួសជុល ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

មតិយោបល់