ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយស សូមជម្រាបជូនសាធារណជន និងគណនីហ្វេបុកឈ្មោះ Pozz Tin ដែលបានបញ្ចេញមតិយោបល់ ខមិន (Comment) ក្នុងគេហទំព័រហ្វេសបុក សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានខ្លឹមសារថា ៖ ព្រឹកថ្ងៃចន្ទទី៣១ ខែឧសភា ឆ្នាំ២០២១ (នៅសាលាស្រុកកៀនស្វាយ) លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំលោកស្នងការរង លោកនាយការិយាល័យ លោកអធិការ និងមន្ត្រីក្រោមឱវាទពាក់ពន្ធ័ចុះការពារសន្តិសុខ សណ្តាប់ធ្នាប់និងតំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដោយមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្តលោកព្រះរាជអាជ្ញារងខេត្ត លោក លោកស្រីប្រធានមន្ទីរពាក់ព័ន្ធខេត្ត រដ្ឋបាលស្រុកកៀនស្វាយ និងអាជ្ញាធរមូលដ្ឋាន កំពុងបន្តធ្វើការសម្របសម្រួលដោះស្រាយពាក់ព័ន្ធបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋ នៅឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល។ «ដល់ពេលពលរដ្ឋមកដល់ផ្ទះ call ហៅពលរដ្ឋទៅគំរៀមមិនអោយពួកគាត់ចុះទៅកន្លែងដីប្រយ័ត្នជាប់គុក»។
ក្រោយទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យក្រុមការងារប្រតិកម្មរហ័សពិនិត្យនិងឆ្លើយតប។
(ផ្អែកតាមរបាយការបំភ្លឺរបស់លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ សហការជាមួយជំនាញពាក់ព័ន្ធធ្វើការស្រាវជ្រាវករណីនេះជាបន្ទាន់។
ជាលទ្ធផល៖
នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ អធិការនគរបាលស្រុកកៀនស្វាយ រួមជាមួយជំនាញពាក់ព័ន្ធ បានស្រាវជ្រាវបំភ្លឺឲ្យដឹងថា៖
នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១០.៤៥នាទី មានប្រជាពលរដ្ឋចំនួន២៣២នាក់ ស្រី៧៣នាក់ រស់នៅភូមិកណ្តាលក្រោម និងភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ដឹកនាំដោយឈ្មោះ ហុង សុខ ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយខេត្តកណ្តាល ធ្វើការតវ៉ារឿងដីធ្លីដោយធ្វើសកម្មភាពបិទផ្លូវជាតិលេខ១ ។ លុះដល់ម៉ោង១៩.២០នាទី កម្លាំងជំនាញបានកោះហៅឈ្មោះ ហុង សុខ មកសាកសួរពីសកម្មភាពដឹកនាំប្រជាពលរដ្ឋធ្វើការតវ៉ា នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។
បន្ទាប់មកក្រុមប្រជាពលរដ្ឋបាននាំគ្នាមកវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំបន្ទាយដែក និងធ្វើសកម្មភាពបិទផ្លូវជាតិលេខ១ជាលើកទី២ ដើម្បីអោយសមត្ថកិច្ចដោះលែងឈ្មោះ ហុង សុខ។
ដោយមានការសម្របសម្រួលពីឯកឧត្តម អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោស្នងការ លោកព្រះរាជអាជ្ញារងខេត្ត លោកអភិបាលស្រុកកៀនស្វាយ កម្លាំងប្រជាពលរដ្ឋបាននាំគ្នារំសាយទៅកាន់គេហដ្ឋានរៀងៗខ្លួនវិញ។
លុះដល់ព្រឹកថ្ងៃទី៣១.០៥.២០២១ វេលាម៉ោង៧.០០នាទី ប្រជាពលរដ្ឋចំនួន២ក្រុម ៖
-ក្រុមទី១ ចំនួន១៧៥នាក់ ស្រីចំនួន៧៤នាក់ ដែលមានទីលំនៅភូមិកណ្តាល និងភូមិព្រែកប៉ុល ឃុំបន្ទាយដែក ដឹកនាំដោយឈ្មោះ សោម ជ័យសុវណ្ណ ភេទប្រុស ឈ្មោះ គក់សំបូរ ភេទប្រុស និងឈ្មោះ វ៉ា សុីនួន ភេទស្រី។
-ក្រុមទី២ ចំនួន៦៧នាក់ ស្រី១៧នាក់ មានទីលំនៅភូមិជ័យឧត្តម និងជ័យឧត្តម២ ឃុំសំរោងធំ ដឹកនាំដោយឈ្មោះ លឹម ថេត ភេទប្រុស អាយុ៤២ឆ្នាំ បាននាំគ្នាមកធ្វើលិខិតសំណូមពរសុំឲ្យអាជ្ញាធរដោះលែងឈ្មោះ ហុង សុខ តែដោយឈ្មោះ ហុង សុខ មានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ករណីរំលោភកាន់កាប់ដោយខុសច្បាប់លើអចលនទ្រព្យអ្នកដ៍ទៃ សមត្ថកិច្ចបានឃាត់ខ្លួន និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
ចំពោះការលើកឡើងថា ដល់ពេលពលរដ្ឋមកដល់ផ្ទះ Call ហៅពលរដ្ឋទៅគំរាមមិនឲ្យពួកគាត់ចុះទៅកន្លែងដីប្រយ័ត្នជាប់គុក គឺជាការមិនពិតនោះទេ។ ដោយមើលឃើញពីសកម្មភាពខាងលើនេះជាអំពើល្មើសច្បាប់មានប្រជាពលរដ្ឋមួយចំនួនបានមកសារភាពកំហុសដោយខ្លួនឯងមិនមានការគំរាមកំហែងនោះឡើយ។
អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាប និងកុំមានការភាន់ច្រឡំ។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល
មតិយោបល់