បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម នគរបាលជំនាញព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំសំណុំរឿង បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ពីបទលួច នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ៖ ជនសង្ស័យឈ្មោះ រើន កុក ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរមិនពិតប្រាកដ ជនសង្ស័យរូបនេះ បានធ្វើសកម្មភាពលួចយកម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ប.មានជ័យ 1B.6687 ជារបស់ឈ្មោះ សេង គីហ៊ាង ភេទប្រុស អាយុ៦០ឆ្នាំ ស្នាក់នៅបូរីដួងចាន់ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកអធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងទៀតថា ៖ តាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សេង គីហ៊ាង បានរៀបរាប់ថា ៖ នៅយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ គាត់បានមកពីផឹកស្រា ក៏ទុកម៉ូតូ នៅមុខផ្ទះ ដោយភ្លេចដកកូនសោ លុះព្រឹកឡើងក៏បាត់ម៉ូតូ បន្ទាប់មកលោកបានទៅប្តឹងសម្ថកិច្ច ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ កម្លាំងនគរបាលក្រុង បានធ្វើការស្រាវជ្រាវ និងសហការជាមួយកម្លាំងនគរបាលស្រុកក្រឡាញ់ ខេត្តសៀមរាប ឈានដល់ការចាប់ឃាត់ខ្លួន ជនសង្ស័យឈ្មោះ រើន កុក ខណៈដែលគេអំពាវនាវលក់ម៉ូតូ។
លោកវរសេនីយ៍ឯក ខែម សោភ័ណ នាយការិយាល័យនគរបាលកម្រិតស្រាល បានឲ្យដឹងដែរថា ៖ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ រើន កុក បានសារភាពថា ៖ រូបគេពិតជាបានលួចយកម៉ូតូនោះមែន នៅយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ គេបានដើរលេង ឃើញម៉ូតូទុកចោលនៅមុខផ្ទះ ដោយមានកូនសោស្រាប់ គេក៏លួចជិៈយកទៅលក់នៅខេត្តសៀមរាប ពេលជិះដល់ស្រុកក្រឡាញ់ ក៏អំពាវនាវលក់ ចំនួន៥.០០០បាត ពេលនោះអ្នកទិញគេសួររកកាតគ្រីខ្លួនថា គ្មាន មួយសន្ទុះក្រោយមក ក៏ត្រូវនគរបាលស្រុកក្រឡាញ់ ចាប់ខ្លួនតែម្តង ។
លោកនាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជាក់ថា ៖ ជនសង្ស័យរូបនេះ ប្រើប្រាស់គ្រឿងញៀន១០ឆ្នាំមកហើយ និងធ្លាប់ជាប់ពន្ធនាគារ៥ខែផងដែរ ពីបទលួចយកទៅលក់បានចំនួន៣គ្រឿង ពេលចេញមកវិញនៅតែមិនរៀងចាល ប្រព្រឹត្តអំពើលួចដដែល បច្ចុប្បន្ន ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកម្រិតស្រាល បានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត បន្ទាយមានជ័យ ចាត់ការតាមនីតិវិធីច្បាប់ ចំណែកម៉ូតូបានប្រគល់ជូនម្ចាស់ដើមវិញ៕
មតិយោបល់